ព័ត៌មានបច្ចេកវិទ្យា

Samsung នឹងមិនបញ្ចេញ Galaxy S8 នៅឯសមាជ WMC ក្នុងខែកុម្ភៈ នេះទេ

ប្រធានក្រុមហ៊ុន Samsung ផ្នែកទូរស័ព្ទចល័ត លោក Koh Dong-jin បានថ្លែងក្នុងសន្និសីទសារព័ត៌មួយ ស្តីអំពីបញ្ហា ថ្មរបស់ Galaxy Note 7 ថា៖ «យើងនឹងមិនប្រកាសចេញ កំពូលទូរស័ព្ទដៃ Galaxy S8 ក្នុងពេលឆាប់ៗខាងមុខនោះទេ»។

លោក Dong-jin បន្ថែមថា មេរៀនដ៏ជូរចត់កាលពីឆ្នាំមុន បានឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅអំពីវប្បធម៌ និង ដំណើរការការងាររបស់យើង ហើយវាបានធ្វើឱ្យយើងខាតបង់ប្រាក់ចំណេញប្រតិបត្តិការចំនួន ៥.៣ ប៊ីលានដុល្លារ ទៀតផង។

ការថ្លែងបែបនេះ ពីប្រមុខដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន សរបញ្ជាក់យ៉ាងច្បាស់ថា Galaxy S8 នឹងមិនមានការលើកយកមកបង្ហាញនៅឯសមាជទូរស័ព្ទចល័តពិភពលោក ហៅកាត់ថា WMC ក្នុងខែកុម្ភៈ នាទីក្រុង Barcelona ដូចដែលម្នាក់ៗសន្មតនោះទេ។

របាយការណ៍មុនៗបានលើកឡើងថា ក្រុមហ៊ុន Samsung នឹងប្រកាសចេញ Galaxy S8 នៅពាក់កណ្តាលខែមេសា ហើយវានឹងបង្ហាញវត្តមាននៅក្នុងអំឡុងខែមិនា៕

ប្រភពព័ត៌មាន៖ reuters

មតិយោបល់