ព័ត៌មានបច្ចេកវិទ្យា

អីយ៉ាស់! មុខងារសម្គាល់ផ្ទៃមុខ Galaxy S8 អាចយករូបថតជំនួសបាន (មានវីដេអូ)


ក្រៅពី​ មុខងារស្កេនក្រយៅដៃ (ដាក់ចំកន្លែងមិនសូវទំនង) និងស្កេនប្រសី្រភ្នែក ទូរស័ព្ទដៃ Galaxy S8/S8+ ក៏បានចេញមកជាមួយនូវជម្រើសទី ៣​ ក្នុងការដោះសោរ ហៅថា មុខងារសម្គាល់ផ្ទៃមុខ ។ ប៉ុន្តែបើសិនជា ប្រិយមិត្តរំពឹងថា ជម្រើសស្កេនផ្ទៃមុខ មានភាពប្រសើរជាង មុខងារផ្សេងដែលចេញមុនៗ  នោះលោកអ្នកនឹងខកចិត្តជាមិនខាន ។

ដូចមុខងារដោះសោប្រើផ្ទៃមុខដែលក្រុមហ៊ុន Google បានបន្ថែមចូលក្នុងប្រព័ន្ធ Android 4.0 តាំងពីឆ្នាំ ២០១១ ​អីចឹងដែរ ប្រព័ន្ធសម្គាល់ផ្ទៃមុខរបស់ Samsung ត្រូវបានគេមើលឃើញថា ងាយបញ្ឆោតឲ្យដោះសោ ដោយការបង្ហាញរូបថតផ្ទៃមុខម្ចាស់ដែលកំណត់ក្នុងទូរស័ព្ទរួចស្រេច។​ ភស្ថុតាងមានបង្ហាញក្នុងវីដេអូឃ្លីបខាងក្រោម៖

ល្មមគ្រប់គ្រាន់ហើយ ក្រោយការបង្ហាញភស្ថុតាងដោះសោរដោយប្រើផ្ទៃមុខ របស់ក្រុមហ៊ុន Google មានភាពងាយស្រួល ក្រុមហ៊ុន Samsung ក៏បានបញ្ចេញមុខងារផ្ទាល់ខ្លួន ដែលទាមទារឲ្យអ្នកប្រើប្រាស់ធ្មេចភ្នែក មុននឹងអាចដោះសារបាន។ វាកើតឡើងតាំងពីឆ្នាំ ២០១២ ដូច្នេះហើយ បានជាគេឆ្ងល់ថា ហេតុអ្វីក្រុមហ៊ុន Samsung ហាក់ដូចជាភ្លេចនូវរឿងរ៉ាវនេះបាន។

ម្យ៉ាងវិញទៀត គួរចំណាំថា ការទាមទារឲ្យធ្មេចភ្នែក ធ្វើឲ្យប្រព័ន្ធល្អប្រសើរជាងមុនបន្តិច ប៉ុន្តែគេនៅតែអាចបញ្ឆោតដោយប្រើប្រាស់រូបថត ២ សន្លឹក មួយគឺរូបបើកភ្នែក និងមួយទៀតរូបបិទភ្នែក ដោយបង្ហាញរូបទាំង ២ នោះចំពីមុខទូរស័ព្ទ ឆ្លាស់គ្នាឲ្យរហ័ស នៅពេលព្យាយាមដោះសោរទូរស័ព្ទ Galaxy S8/S8+។ វាមិនសូវជាងាយស្រួលប៉ុន្មានទេ ប៉ុន្តែវានៅតែមានប្រសិទ្ធភាព។

ជាការដាស់តឿន ចូរប្រិយមិត្តកុំជ្រើសរើសការប្រើប្រាស់នូវមុខងារសម្គាល់ផ្ទៃមុខនោះអី។ ជម្រើសដ៏ល្អ គួរប្រើមុខងារស្កេនក្រយៅដៃ ឬស្កេនប្រស្រីភ្នែកជំនួសវិញ។ បើមិនដូច្នេះទេ លោកអ្នកនឹងមានការស្តាយក្រោយ៕

 

ប្រភព៖ gsmarena.com

មតិយោបល់