ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Nokia និង Orange គ្រុប រួមគ្នាអភិវឌ្ឍបណ្តាញ 5G សម្រាប់វីដេអូ 8K និងហ្គេម VR

ក្រុមហ៊ុន Nokia និង Orange ដែលជាក្រុមហ៊ុនទូរគមនាគមន៍ចម្រុះជាតិសាសន៍របស់បារាំង បានចាប់ដៃគូសហការគ្នា អភិវឌ្ឍបណ្តាញឧបករណ៍ចល័ត 5G ថ្ងៃអនាគត សម្រាប់គាំទ្រវត្ថុប្រើប្រាស់អីុនធើណែតនានា និងបំពេញតម្រូវការនៃការចែកចាយទិន្នន័យក្នុងកម្រិតល្បឿនមហាសាល រាប់បញ្ចូលវីដេអូ 8k និងហ្គេម VR ។

ផែនការអភិវឌ្ឍបណ្តាញ 5G របស់ក្រុមហ៊ុនហ្វាំងឡង់មួយនេះ នឹងមិនមែនធ្វើឡើងសម្រាប់តែទូរសព្ទចល័តប៉ុណ្ណោះទេ ប៉ុន្តែ ក៏សម្រាប់អ្វីៗគ្រប់យ៉ាងដែលត្រូវបានផលិតឡើងសម្រាប់ការប្រើប្រាស់ដែលត្រូវការការតភ្ជាប់ជាមួយប្រព័ន្ធអិុនធើណែតផងដែរ ដោយក្នុងនោះ រាប់បញ្ចូលចាប់តាំងពីពពួកសម្លៀកបំពាក់វៃឆ្លាត រហូតដល់ការប្រមូលផាស៊ីតាមផ្លូវ ហើយក្រុមហ៊ុនរំពឹងថានឹងអាចតភ្ជាប់មនុស្សរាប់ពាន់លាននាក់តាមរយ:បណ្តាញអនាគតរបស់ខ្លួន។

បច្ចេកវិទ្យាបណ្តាញតភ្ជាប់ដ៏អស្ចារ្យនេះ នឹងបង្កើនយ៉ាងក្រាសក្រែលនូវចំនួនអ្នកប្រើប្រាស់បណ្តាញទូរសព្ទចល័ត គ្រឿងយន្ត និងរោងចក្រស្វ័យប្រវត្តិកម្មផងដែរ ហើយវានឹងយកទៅដាក់បញ្ចូលក្នុងប្រព័ន្ធ Dynamic Network Slicing ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនកំណត់រចនាសម្ព័ន្ធបណ្តាញផ្សេងៗរបស់ខ្លួនសម្រាប់តម្រូវការប្រើប្រាស់ខុសៗគ្នា និងអាចដំណើរការបណ្តាញទាំងនោះរួមគ្នាក្នុងពេលតែមួយ ហើយនៅលើបរិក្ខារដូចគ្នា។

ក្រុមហ៊ុនទូរគមនាគមន៍ទាំងពីរ កំពុងគ្រោងបង្កើតចេញបច្ចេកវិទ្យាអង់ទែត MIMO ដ៏ធំមហិមា និងកម្លាំងហ្វ្រេកង់ថ្មី ដើម្បីស្ថាបនាលើបណ្តាញ 4.5G បច្ចុប្បន្ន ហើយក្នុងរយ:ពេលដ៏ខ្លីខាងមុខ ក្រុមហ៊ុននឹងអភិវឌ្ឍវាឱ្យឡើងដល់ជំនាន់ 4.9G ដែលនឹងមានសមត្ថភាពបញ្ជូនទិន្នន័យក្នុងល្បឿនរខ្ទង់ជីហ្គាប៉ៃយ៍/វិនាទី។

ក្រុមហ៊ុន Nokia និយាយថា ខ្លួនមានអតិថិជន ៩០ នាក់រួចទៅហើយ ដែលបានប្រើប្រាស់បណ្តាញ 4.5G ហើយក្នុងឆ្នាំនេះ ក្រុមហ៊ុននឹងអភិវឌ្ឍវាឱ្យឡើងដល់ជំនាន់ 4.5G Pro ដែលមានល្បឿនលឿនជាងបណ្តាញ 4G បច្ចុប្បន្នរហូតដល់ទៅ ១០ ដង ហើយវានឹងត្រូវបានប្រើប្រាស់ជាផ្លូវត្រួសត្រាយទៅកាន់បណ្តាញ 4.9G រួចបន្ទាប់មក នឹងឈានដល់ 5G។

សូមបញ្ជាក់ថា ក្រុមហ៊ុន Samsung ក៏មានផែនការផ្ទាល់ខ្លួនសម្រាប់ធ្វើការអភិវឌ្ឍបណ្តាញ 5G ផងដែរ ហើយក្រុមហ៊ុនកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត T-Mobile៕

ប្រភពព័ត៌មាន: nokia

មតិយោបល់