ព័ត៌មានបច្ចេកវិទ្យា

iPhone ធ្លាក់ពីតារាងកំពូលនៅចិន ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ

តួលេខលក់ទូរស័ព្ទ iPhone នៅប្រទេសចិន ក្នុងឆ្នាំ ២០១៦ របស់ក្រុមហ៊ុន Apple មិនទទួលបានចំណាក់ថ្នាក់ខ្ពស់បំផុតទៀតនោះទេ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយដោយក្រុមហ៊ុន Counterpoint Research។

របាយការណ៍ដដែលឱ្យដឹងថា ការលក់ទូរស័ព្ទដៃម៉ូឌែល iPhone 6s របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក បានស្គាល់ការធ្លាក់ចុះពីតារាងកំពូលនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងលោក ជាលើកដំបូងក្នុងរយ:ពេល ៥ ឆ្នាំកន្លងមកនេះ ហើយតំណែងកំពូលថ្មី ត្រូវបានប្រគល់ទៅឱ្យទូរសព្ទដៃរបស់ក្រុមហ៊ុន Oppo ម៉ូឌែល R9។

របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមថា iPhone 6s នៅចិន លក់ដាច់បានត្រឹមតែចំនួន ១២ លានគ្រឿងប៉ុណ្ណោះ ខណ: Oppo R9 លក់អស់ ១៧ លានគ្រឿង ស្មើនឹង ៤% នៃចំណែកទីផ្សារសរុប ។

ចំពោះមូលហេតុធ្លាក់ចុះនេះត្រូវបានអ្នកវិភាគអះអាងថា ដោយសារសន្ទុះនៃការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនធំៗក្នុងស្រុក ដូចជា Oppo, Vivo, និង Huawei ជាដើម ហើយក្រុមហ៊ុន Apple មិនបានចូលរួមចំណែកពីកំណើនលក់សរុបក្នុងប្រទេស ៦% ដែលបានកើនដល់ ៤៦៥ លានគ្រឿងនោះទេ ប៉ុន្តែ បែរជាជួបការលក់ធ្លាក់ចុះរហូតដល់ ២១% ខណ:ក្រុមហ៊ុន Oppo កើន ១០៩%, Vivo កើន ៧៨% និង Huawei កើន ២១%។ ការធ្លាក់ចុះនេះដែរ គឺប្រហាក់ប្រហែលនឹងក្រុមហ៊ុន Xiaomi ដែលគេស្គាល់ថាជាក្រុមហ៊ុន Apple របស់ចិន ដែលមានការលក់ធ្លាក់ចុះ ២២% ក្នុងឆ្នាំ ២០១៦៕

ប្រភពព័ត៌មាន phonearena

មតិយោបល់