ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Apple មិនអាចបន្ទន់ចិត្ត India ឱ្យខ្លួនបង្កើតរោងចក្រតាមសំណើរ

បើទោះបីជាក្រុមហ៊ុន Apple បង្ហាញចេតនាក្នុងការបង្កើតរោងចក្រផលិត iPhone និងដំឡើងហាងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាយ៉ាងក៏ដោយ ក៏រដ្ឋាភិបាលនៃប្រទេសដែលមានកំណើនទីផ្សារស្មាតហ្វូនខ្លាំងជាងគេបំផុតក្នុងលោកមួយនេះ នៅតែដាក់កំហិតឱ្យក្រុមហ៊ុនបច្ចេកវិជ្ជាយក្សអាមេរិក គោរពតាមច្បាប់បញ្ញត្តិរបស់ខ្លួនដូចបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនក្រៅស្រុកដទៃទៀតអីចឹងដែរ។

ក្រុមហ៊ុនផលិតស្មាតហ្វូនមានឥទ្ធិពលបំផុតក្នុងលោកនេះ បានលើកបង្ហាញពីគោលបំណងក្នុងការបង្កើតរោងចក្ររបស់ខ្លួននៅតាមតំបន់ផ្សេងៗក្នុងប្រទេសឥណ្ឌា សារជាថ្មីម្តងទៀត ក្នុងខែវិច្ឆិកា ដោយភ្ជាប់ជាមួយសំណើរសុំការផ្តល់សម្បទានពន្ធលើគោលនយោបាយមួយចំនួន រាប់បញ្ចូលទាំងការបន្ទាបពន្ធលើការផលិត និងនាំចូល។ នេះបើយោងតាមការថ្លែងឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលមួយរូបដែលធ្វើការពាក់ព័ន្ធនឹងរឿងនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ឥណ្ឌា គឺលោក Nirmala Sitharaman បាននិយាយថា៖ «ប្រសិនបើឥណ្ឌាយល់ព្រមធ្វើសប្បទានពន្ធណាមួយទៅដល់ក្រុមហ៊ុន Apple នោះពួកគេក៏ត្រូវធ្វើដូចគ្នានេះចំពោះក្រុមហ៊ុនផលិតស្មាតហ្វូនដទៃផ្សេងទៀតផងដែរ»។

ក្រៅពីជាប់រនាំងពន្ធ Apple ក៏ត្រូវបានរដ្ឋាភិបាលឥណ្ឌាដាក់កំហិតឱ្យខ្លួនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ផលិតគ្រឿងផ្សំយ៉ាងហោចណាស់ក៏មួយចំនួនផងដែរសម្រាប់ផលិតផលរបស់ខ្លួន ហើយនេះគឺជាគោលនយោបាយមួយរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដើម្បីជំរុញការផលិតក្នុងប្រទេស៕

គួរបញ្ជាក់ថា ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple បច្ចុប្បន្នកំពុងចរាចរលក់ក្នុងប្រទេសឥណ្ឌា ក្នុងតម្លៃមួយដ៏ខ្ពស់ ពោលគឺ ខ្ពស់ជាបណ្តាប្រទេសផ្សេងៗទៀតក្នុងលោក ដោយសារតែពន្ធនាំចូលទៅកាន់ប្រទេសអាស៊ីមួយនេះ មានកម្រិតខ្ពស់ជាងបណ្តាប្រទេសទាំងនោះ៕

ប្រភពព័ត៌មាន៖ business-standard

មតិយោបល់