ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Jaguar ប្រកាសប្រមូលរថយន្ត Range Rover ស៊េរីឆ្នាំ ២០១៦-២០១៧ ចំនួន ៦,៤៣៨ គ្រឿង ដោយសារបញ្ហាខ្សែក្រាត់សុវត្ថិភាព

ក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover នឹងប្រមូលរថយន្ត Range Rover ដែលបាននាំចូលទៅកាន់ប្រទេសចិន ចំនួន ៦,៤៣៨ គ្រឿង ចាប់ពីថ្ងៃទី ២៤ កុម្ភៈ ដោយសារតែខ្សែក្រវាត់សុវត្តិភាពរបស់វា ត្រូវបានគេរកឃើញថាមានបញ្ហា។ នេះបើយោងតាមការថ្លែងឱ្យដឹងពីក្រុមអ្នកឃ្លាំមើលកំពូលរបស់រដ្ឋចិន។

យោងតាមរបាយការណ៍មួយចេញផ្សាយដោយអគ្គរដ្ឋបាលផ្នែកត្រួតពិនិត្យគុណភាពយានយន្តរបស់ប្រទេសចិន បានឱ្យដឹងថា ការប្រកាសប្រមូលរថយន្តទាំងនោះ នឹងធ្វើឡើងទៅលើរថយន្ត Range Rover ប្រភេទស្ព័រ ស៊េរីឆ្នាំ ២០១៦-២០១៧ ចំនួន ៣,៤៣៨ គ្រឿង និងរថយន្ត Range Rover ប្រភេទធម្មតា ស៊េរីឆ្នាំ ២០១៦-២០១៧ ចំនួន ១,៥៥៤ គ្រឿង ដែលផលិតឡើងនៅចន្លោះថ្ងៃទី ១២ កក្កដា ២០១៦ និង ២៦ តុលា ២០១៦។

ក្រៅពីនោះ ក៏មានផងដែររថយន្ត Jaguar XE ស៊េរីឆ្នាំ ២០១៧ ចំំនួន ១,១៣២ គ្រឿង ដែលផលិតឡើងនៅចន្លោះថ្ងៃទី ១៣ កក្កដា ២០១៦ និង ៧ ធ្នូ ២០១៦ និងរថយន្ត Jaguar F-type ស៊េរីឆ្នាំ ២០១៧ ដែលផលិតឡើងនៅចន្លោះថ្ងៃទី ១៩ កក្កដា ២០១៦ និង ១៦ ធ្នូ ២០១៦។

របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា ខ្សែក្រវាត់សុវត្ថិភាពរថយន្តខាងលើ អាចនឹងមិនដំណើរការទៅតាមមុខងាររបស់វា ពោល គឺមិនអាចទប់ខ្លួនអ្នកដំណើរបាននៅពេលរថយន្តទទួលរងនូវការបុកទង្គិចធ្ងន់ធ្ងរណាមួយ។ ដោយឡែក ក្រុមហ៊ុនផលិត នឹងឆែកមើលលើរាល់រថយន្តដែលមានបញ្ហា រួចនឹងធ្វើការផ្លាស់ប្តូរផ្នែកខូចជូនដល់អតិថិជនដោយឥតគិតថ្លៃ៕

ប្រភពព័ត៌មានៈ china.org.cn

មតិយោបល់