ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត Apple វ៉ា Samsung យកតំណែងក្រុមហ៊ុនផលិតស្មាតហ្វូនលេខ១ លើលោកបានហើយ ក្នុងត្រីមាសទី ៤

ក្រុមហ៊ុន Apple ឥឡូវនេះ គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់លេខ១ នៅក្នុងពិភពលោកហើយ គឺបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក បានវ៉ាដាច់ក្រុមហ៊ុន Samsung ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Strategy Analytics។

របាយការណ៍ដដែលបានបង្ហាញថា ក្រុមហ៊ុនផលិត iPhone លក់ចេញផលិតផលស្មាតហ្វូនរបស់ខ្លួនសរុបបានចំនួនរហូតដល់ ៧៨.៣ លានគ្រឿង ក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៦ ដោយច្បាមយកចំណែកទីផ្សារបាន ១៧.៨% ខណៈក្រុមហ៊ុន Samsung លក់ចេញសរុបបានត្រឹមតែ ៧៧.៥ លានគ្រឿង ក្នុងត្រីមាសដូចគ្នា ដែលស្មើនឹង ១៧.៧% នៃចំណែកទីផ្សារ។

ក្នុងរបាយការណ៍នោះបានបន្ថែមទៀតថា ក្នុងមួយឆ្នាំកន្លងទៅនេះ ការលក់ទូរស័ព្ទ iPhone បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរបំផុត គឺដោយសារតែក្រុមហ៊ុន Apple បានត្រងយកផលចំណេញពីការបោះជំហានខុសរបស់ក្រុមហ៊ុន Samsung ដែលធ្វើឱ្យជូបការធ្លាក់ចុះនូវសន្ទុះនៃការលក់ក្នុងអំឡុងមួយត្រីមាសចុងក្រោយ ដោយសារបញ្ហាថ្មរបស់ Note 7។

ដោយឡែកក្រុមហ៊ុន Huawei, Oppo និង Vivo របស់ចិន បានហក់ឡើងដល់ចំណាត់ថ្នាក់ទី ៣, ៤, និង ៥ ដោយទទួលបានចំណែកទីផ្សារ ១០.២%, ៦.៧% និង ៥.៨% ក្នុងត្រីមាសដដែល។

ទោះយ៉ាងណា យោងតាមតារាងលក់សរុបគិតក្នុងមួយឆ្នាំ ២០១៦ ក្រុមហ៊ុន Samsung នៅតែនាំមុខក្រុមហ៊ុន Apple ដាច់នៅឡើយ៕

ប្រភពព័ត៌មានៈ strategyanalystics

មតិយោបល់