ព័ត៌មានបច្ចេកវិទ្យា

Facebook គ្រោងបង្កើតកម្មវិធី TV ដើម្បីទាញការផ្សាយពាណិជ្ជកម្មឱ្យបានដូចទូរទស្សន៍ធម្មតា

ក្រុមហ៊ុន Facebook កំពុងបង្កើតកម្មវិធីមានលក្ខណៈដូចទូរទស្សន៍សម្រាប់ផ្ទាល់ខ្លួនមួយ ដើម្បីអាចសៀតបញ្ចូលការផ្សព្វផ្សាយពាណិជ្ជកម្ម ឱ្យបានដូចជាទូរទស្សន៍ធម្មតា ដោយវានឹងធ្វើការជាមួយក្បាលចាក់ផ្សេងៗដូចជា Apple TV ជាដើម។ នេះបើយោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយនៅលើគេហទំព័រ WSJ នៅថ្ងៃអង្គារ៍។

កម្មវិធីនោះ នឹងប្រមែប្រមូលវីដេអូដើម (វីដេអូបង្ហោះដាក់លើ Facebook មុនដំបូងគេ) ដាក់ក្នុងកន្លែងតែមួយ ហើយក្រុមហ៊ុនក៏កំពុងរៀបចំស្នើសុំអាជ្ញាបណ្ណសម្រាប់មាតិកាទាំងនោះ ដូចជាកម្មវិធីទូរទស្សន៍អនឡាញ Netflix អីចឹងដែរ។

ជាមួយកម្មវិធីនោះ Facebook នឹងមានជាមធ្យោបាយថ្មីមួយ ដើម្បីទាក់ទាញអ្នកប្រើប្រាស់បណ្តាញសង្គមរាប់រយពាន់លាននាក់ ចូលមើលវីដេអូលើបណ្តាញសង្គមរបស់ខ្លួនកាន់តែយូរ ហើយនេះជាគោលដៅមួយ ដែលត្រូវបានក្រុមហ៊ុនបង្ហើបឱ្យដឹងរួចទៅហើយនៅក្នុងកិច្ចសន្ទនាជាមួយក្រុមបង្កើតមាតិកា និងតាមរយៈសារបង្ហោះលើទំព័រ Facebook នាពេលថ្មីៗកន្លងទៅ។

គួរបញ្ជាក់ថា ថ្មីៗនេះ Facebook ក៏កំពុងសាកល្បងដាក់បញ្ចូលវីដេអូឃោសនានៅពាក់កណ្តាលខ្សែវីដេអូបង្ហោះលើបណ្តាញសង្គម ហើយបើតាមការកត់សម្គាល់របស់គេហទំព័រ Journal ក្រុមហ៊ុនគ្រោងក៏គ្រោងនឹងស៊កពាណិជ្ជកម្មនៅក្នុងវីដេអូចាក់ផ្សាយលើកម្មវិធីទូរទស្សន៍ដែលខ្លួនកំពុងធ្វើការអភិវឌ្ឍនោះផងដែរ៕

ប្រភពព័ត៌មានៈ businessinsider, techcrunch

មតិយោបល់