ប្រសិនបើ USB Flash ឬ USB Disk របស់ប្រិយមិត្តជួបបញ្ហាជាប់គាំងដំណើរការមិនស្រួល ឬដោយចូលកុំព្យូទ័រហើយរកមើលមិនឃើញ ឬទំហំផ្ទុកមិនគ្រប់ចំនួននៃ USB Flash យើងគួរធ្វើការលុបសម្អាតតាមវិធីនេះ ដើម្បីស្រោចស្រង់វាឲ្យវិលមកដូចដើមវិញ។ វិធីសាស្រ្តនេះមានប្រសិទ្ធភាពខ្លាំងជាងការ Format ទៅទៀត ហើយ USB Flash ដែលមានបញ្ហាមួយចំនួនមិនអាចសូម្បីតែ Format ទោះប្រើកម្មវិធីជំនួយក៏ទៅមិនរួចដែរ។
បញ្ជាក់៖ ដំណើរការនេះនឹងធ្វើការលុបចោលទិន្នន័យទាំងស្រុងនៅលើ USB Flash ឬ USB Disk សូមចំលងឯកសារសំខាន់ទុកជាមុនសិន ប្រសិនបើអាចបើកវាបាន។
វិធីអនុវត្តន៍
១ – ដោត USB Flash ដែលដំណើរការមិនស្រួល ឬមានបញ្ហាចូលក្នុងកុំព្យូទ័រដើរដោយ Windows 10
២ – ចុច Mouse ស្តាំលើប៊ូតុង Start ឬ Windows រួចជ្រើសយកពាក្យថា Command Prompt (Admin)
៣ – កម្មវិធី Command Prompt នឹងលោតចេញមក រួចវាយបញ្ចូលពាក្យថា diskpart និងចុច Enter
៤ – បន្ទាប់មកវាយបញ្ចូលពាក្យថា list disk
សូមប្រិយមិត្តប្រយ័ត្នត្រង់ចំណុចនេះ! ចូរពិនិត្យរាល់ទិន្នន័យបង្ហាញចេញមក និងកំណត់ឲ្យច្បាស់ត្រង់ឈ្មោះទីតាំង USB Flash ប្រសិនបើប្រិយមិត្តកំណត់ខុស ទិន្នន័យទាំងអស់ដែលនៅក្នុង Disk ដែលបានជ្រើសរើសនឹងត្រូវបាត់បង់ទាំងស្រុង។
ក្នុងរូបភាពខាងក្រោម យើងអាចឃើញឈ្មោះ៖
- Disk 0 មានទំហំ ២៣៨ ជីហ្គាបៃយ៍ (GB) ច្បាស់ណាស់ថាឌីសមួយនេះ មិនមែនជា USB Disk ដោយសារតែទំហំមិនដូចទៅនឹង USB Disk
- Disk 1 មានទំហំ ១៤ ជីហ្គាបៃយ៍ (GB) ឌីសនេះអាចជា USB Disk ដោយសារតែទំហំវាប្រហាក់ប្រហែលនឹងទំហំ USB Flash
៥ – បន្ទាប់ពីអ្នកបានពិនិត្យច្បាស់លាស់ហើយ សូមជ្រើសរើសឈ្មោះ USB Disk ដោយវាយពាក្យថា select disk 1 រួចចុច Enter ពេលនោះប្រិយមិត្តបាននឹងកំពុងជ្រើសរើសយកឌីស USB
៦ – បញ្ជាក់ម្តងទៀត៖ សូមចំលងទុករាល់ឯកសារសំខាន់ចេញពី USB Flash។ ពេលនេះយើងអាចសម្អាតឌីស USB បានហើយ ដោយបញ្ចូលពាក្យ clean រួចចុច Enter។
៦ – ក្រោយមកអ្នកនឹងឃើញសារមួយលោតចេញមកថា diskpart succeeded in cleaning the disk មានន័យថា ជោគជ័យក្នុងការសម្អាត។ ឥឡូវអ្នកអាចបិទកម្មវិធី Command Prompt បានហើយ។
៧ – ចុច Mouse ស្តាំលើប៊ូតុង Start ឬ Windows ជ្រើសរើសពាក្យ Disk Management
៨ – ប្រិយមិត្តនឹងឃើញឈ្មោះ Disk 1 ផ្ទៃខាងក្នុងទទេស្អាតពុំទាន់មានឈ្មោះឌីស និងទីតាំងច្បាស់លាស់ បន្ទាប់មកចុច Mouse ស្តាំលើផ្ទៃទទេនោះ និងជ្រើសរើសយកពាក្យថា New Simple Volume ដើម្បីបង្កើតឈ្មោះឌីស និងទីតាំងសម្រាប់វា ក្រោយមកប្រព័ន្ធ Windows នឹងធ្វើការបង្កើតថ្មីដោយចាប់យកឈ្មោះឌីសដដែល។
ជាចុងក្រោយ USB Flash ឬ Disk ត្រូវបានសម្អាត និងដោះស្រាយបានរាល់បញ្ហាទាំងអស់រួចរាល់។ ពេលនេះប្រិយមិត្តអាចប្រើប្រាស់វា ដូចជាឧបករណ៍ទើបទិញថ្មីមួយអីចឹង។
មតិយោបល់