ភ្នំពេញ៖ អតីតនិស្សិតបោះបង់ការសិក្សា ប៉ុន្តែបច្ចុប្បន្នជាកំពូលមហាសេដ្ឋី លោក Mark Zuckerberg គឺជាបុគ្គលដ៏ជោគជ័យមួយរូប ដែលបានរុញច្រាន Facebook ឲ្យក្លាយជាបណ្ដាញទំនាក់ទំនងសង្គម ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុត ជាង ១,៦ពាន់លាននាក់ និងអ្នកប្រើប្រាស់ប្រចាំថ្ងៃជិត ១ពាន់លាននាក់ ក្នុងនោះ មាន ៩០ភាគរយ ប្រើប្រាស់នៅលើទូរស័ព្ទដៃ។ ទាំងនេះគឺជាភាពជោគជ័យរបស់គាត់ ដែលពិភពលោកបានដឹង ប៉ុន្តែមានចំណុចជាច្រើនផ្សេងទៀត ដែលអ្នករាល់ថ្ងៃមិនបានដឹង ហើយនឹងដឹងក្រោយពេលអានអត្ថបទមួយនេះ។
០១) កូនកាត់ជីហ្វ មហាសេដ្ឋីវ័យក្មេង និងជាកូនប្រុសទោសនៅក្នុងគ្រួសារ លោក Mark Zuckerberg គឺជាកូនកាត់ជនជាតិជីហ្វ ដោយឪពុករបស់លោកមានឈ្មោះថា Edward Zuckerberg ជាពេទ្យធ្មេញ និងជាជនជាតិជីហ្វ ចំណែកម្ដាយរបស់លោកមានឈ្មោះថា Karen Kempner ជាពេទ្យវិកលចរិត ជនជាតិអាមេរិក។ កាលពីឆ្នាំ ២០១៥ រដ្ឋាភិបាលអ៊ីរ៉ង់ បានប្រកាសបិទ WhatsApp ព្រោះតែ Mark Zuckerberg ជាជនជាតិជីហ្វ។
០២) ជាមហាសេដ្ឋីពិតមែន ប៉ុន្តែនៅផ្ទះគ្មានទូរទស្សន៍ នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយនឹងស្ថានីយទូរទស្សន៍ ABC News លោក Mark Zuckerberg បានបញ្ជាក់ថា នៅផ្ទះរបស់លោកគឺគ្មានទូរទស្សន៍នោះ។ ប្រហែលជាអត់លុយទិញទេដឹង? ហេតុផលដែលផ្ទះលោកពុំមានទូរទស្សន៍នោះគឺដោយសារតែលោកពុំមានពេលវេលាសម្រាប់មើលទូរទស្សន៍។ មួយថ្ងៃៗ លោករវល់តែការងារ ដូច្នេះគ្មានពេលទំនេរសម្រាប់មើលទូរទស្សន៍។
០៣) ចំណាយពេល ៣០នាទី ទៅ១ម៉ោង ដើម្បីអានសៀវភៅរាល់ថ្ងៃ ត្បិតតែមហាសេដ្ឋីលំដាប់ទី៧ នៃពិភពលោករូបនេះ ពុំមានពេលសម្រាប់មើលទូរទស្សន៍ក្ដី ប៉ុន្តែលោកបានចំណាយពេលវេលា ៣០នាទី ទៅ១ម៉ោង ជារៀងរាល់ថ្ងៃ ដើម្បីអានសៀវភៅ។ ថ្លែងប្រាប់និស្សិតនៃសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងញូវយ៉ក លោក Mark Zuckerberg បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ នៅមុនពេលចូលដេក លោកតែងតែចំណាយពេលវេលា ៣០នាទី ឬច្រើនជាងនេះ ដើម្បីអានសៀវភៅ (លោក Bill Gates ស្ថាបនិក Microsoft និងជាកំពូលមហាសេដ្ឋីលេខ១ ក៏ចំណាយពេល ៣០នាទី ឬច្រើនជាងនេះ ដើម្បីអានសៀវភៅផងដែរ )។ លោកបានបញ្ជាក់ទៀតថា ការអប់រំគឺគ្មានដែនកំណត់ ហើយវាក៏ជាផ្នែកមួយដែលជំរុញឲ្យបង្កើតបាននូវចំណេះដឹងថ្មីៗ រួមទាំងគំនិតល្អៗ។
០៤) ភ្នែក មានប្រតិកម្មពណ៌ ពណ៌ដែលលោក Mark Zuckerberg ចូលចិត្តបំផុតគឺពណ៌ «ខៀវ»។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Mark បានអះអាងថា ពណ៌ខៀវគឺជាពណ៌លាភសំណាងរបស់លោក ខណៈដែលពណ៌ក្រហម និងបៃតងជាពណ៌ចង្រៃ ព្រោះតែភ្នែករបស់លោក មានបញ្ហាជាមួយនឹងពណ៌ទាំងពីរនេះ។ ដូច្នេះ កុំឆ្ងល់ថា ហេតុអ្វី បានជា Facebook មានពណ៌ខៀវ។
០៥) ប្រាក់ឈ្នូលប្រចាំឆ្នាំ ១ដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ ២០០៨ មក លោក Mark Zuckerberg បានសម្រេចចិត្តទទួលយកប្រាក់ឈ្នូលប្រចាំឆ្នាំតែ ១ដុល្លារអាមេរិកប៉ុណ្ណោះ ពី Facebook ក្នុងតំណែងជានាយកប្រតិបត្តិ (CEO) ព្រោះលោកចង់កាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន។
០៦) ការស្លៀកពាក់ប្រចាំថ្ងៃ ជារៀងរាល់ថ្ងៃ លោក Mark Zuckerberg ត្រូវបានគេឃើញស្លៀកពាក់នូវសម្លៀកបំពាក់ដដែលៗ។ តើលោកអត់មានសម្លៀកបំពាក់ផ្សេងមែនទេ? ខុសហើយ! មហាសេដ្ឋីរូបនេះ បានយកលំនាំតាមបិតាស្ថាបនិក Apple គឺលោក Steve Jobs ដោយស្លៀកនូវសម្លៀកបំពាក់ដដែលៗ។ នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Mark បានបញ្ជាក់ឲ្យដឹងថា តាមពិតទៅលោកគោរព និងកោតសរសើរ Steve Jobs ដូច្នេះហើយទើបលោកសម្រេចចិត្តយកលំនាំនៃការស្លៀកពាក់តាម។ មួយវិញទៀត ជារឿងផ្ទាល់ខ្លួន គឺថា នៅពេលព្រឹកឡើង លោកពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការតុបតែងខ្លួននោះទេ ដូច្នេះហើយ លោកក៏សម្រេចចិត្តស្លៀកខោខូវប៊យ, ស្បែកជើងប៉ាត់តា និងអាវយឺតដៃខ្លី ដែលមានរូបសញ្ញា Facebook។
០៧) ហូបបួស ចាប់តាំងពីឆ្នាំ ២០១១ មក លោក Mark Zuckerberg បានកំណត់ទម្លាប់ខ្លួនឯងមួយគឺហូបបួស។ លោកបាននិយាយក្នុងរបៀបលេងសើចថា លោកហូបសាច់ តែសាច់នោះគឺជាសាច់សត្វ ដែលលោកសម្លាប់ដោយផ្ទាល់ដៃ។ គួរបញ្ជាក់ផងដែរថា នៅគិតត្រឹមថ្ងៃនេះ (២៧ ខែមិថុនា ឆ្នាំ២០១៦) លោក Mark Zuckerberg បានក្លាយជាកំពូលមហាសេដ្ឋីលំដាប់ទី៧ ជាមួយនឹងទឹកប្រាក់ ៤៨,៥ពាន់លានដុល្លារអាមេរិក៕
មតិយោបល់