កាលពីពេលថ្មីៗនេះ យោងតាមប្រភពព័ត៌មានពី WinFuture ក្រុមហ៊ុន HMD Global នឹងប្រកាសចេញនូវទូរសព្ទដៃ Nokia លំដាប់កំពូលជាលើកដំបូងបង្អស់របស់ខ្លួន ដែលគេជឿថាជា Nokia 8 នាចុងខែកក្កដានេះ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ជាមួយតម្លៃក្រោម ៦០០ ដុល្លារ។
ខណៈព័ត៌មានចចាមអារ៉ាមនេះ នៅមិនទាន់រសាត់បាត់ឆ្ងាយប៉ុន្មានផង ស្រាប់តែរូបរាងគំរូថ្មីបំផុតមួយរបស់ Nokia 8 ត្រូវបានអ្នកបើកកកាយរឿងសម្ងាត់របស់ស្មាតហ្វូនដ៏ល្បីល្បាញ គឺលោក Evan Blass ទម្លាយឱ្យឃើញនៅលើទំព័រ Twitter ផ្លូវការរបស់លោក ដែលវាបានស្តែងឱ្យឃើញពីប្រណិតភាព និងលក្ខណៈសម្បត្តិខាងក្រៅគួរឱ្យកត់សម្គាល់មួយចំនួន។
តាមរយៈរូបគំរូ Nokia 8 ថ្មីនោះ គឺវាមានរចនាបទមិនខុសគ្នាឆ្ងាយប៉ុន្មានពី Nokia 3, 5, និង 6 ជំនាន់បច្ចុប្បន្ននោះទេ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ គេឃើញវាមានបំពាក់បន្ទះស្កេនក្រយៅដៃនៅលើផ្ទៃអេក្រង់ ផ្នែកខាងឆ្វេងដៃ គែមអេក្រង់ឆ្វេង-ស្តាំគឺគ្មានស៊ុម និងរាងកោងបន្តិច ចំណែកគែមលើ-ក្រោមមានបន្សល់នូវស៊ុមរាងធំ ដោយរំលេចជាមួយប៊ូតុងបញ្ជាទូទៅបី សម្រាប់គ្រប់គ្រងលើប្រព័ន្ធ Android នៅផ្នែកខាងក្រោម។
ជាមួយរចនាបទចុងក្រោយរបស់ Nokia 8 នេះ បានបង្កើតឱ្យមានចម្ងល់មួយថា តើវាអាចទៅរួចទេដែលក្រុមហ៊ុន HMD មានលទ្ធភាពពាំនាំមកនូវបច្ចេកវិទ្យាស្កេនក្រយៅដៃបំពាក់ក្រោមស្រទាប់កញ្ចក់អេក្រង់ មុនក្រុមហ៊ុន Samsung និង Apple?
រួមមកហើយ ក្រុមហ៊ុនចិន Vivo បានរួមគ្នាសហការគ្នាជាមួយក្រុមហ៊ុន Qualcomm បានបើកបង្ហាញស្មានហ្វូនគំរូដែលមានភ្ជាប់មកជាមួយបន្ទះស្កេនក្រយៅដៃ ឬ Fingerprint រួចទៅហើយ។ ដូច្នេះ គេមិនអាចវាយតម្លៃបានថា ទាល់តែក្រុមហ៊ុនធំៗបំផុតទើបអាចបង្កើតបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗបាននោះទេ។ តែទោះយ៉ាងណាការពិតឬយ៉ាងណានោះ គឺមានតែរង់ចាំមើលទាំងអស់គ្នាប៉ុណ្ណោះ។
គួររំឭកថា នៅប៉ុន្មានថ្ងៃមុននេះ WinFuture បានរាយការណ៍មកថា Nokia 8 នឹងបំពាក់អេក្រង់កម្រិត 2K ទំហំ ៥.៣ អ៊ីញ ជាមួយខ្នាតបញ្ចាំងរូបភាព ១៤៤០x២៥៦០ ភិចសែល ប្រើបន្ទះឈីប Snapdragon 835 ដែលជាផលិតផលជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm និងដែលកំពុងត្រូវបានប្រើនៅលើស្មាត ហ្វូនលំដាប់កំពូលៗស៊េរីឆ្នាំ ២០១៧។
ក្រៅពីនេះ វាត្រូវគេអះអាងបន្ថែមថា នឹងបំពាក់កាមេរ៉ាភ្លោះប្រើបច្ចេកវិទ្យា Zeiss ដ៏អស្ចារ្យសម្រាប់ទូរសព្ទដៃ Lumia ពីមុន, RAM ទំហំ ៤ GB អង្គចងចាំទំហំ ៦៤ GB អាចប្រើស៊ីមកាតពីរបាន និងមានជម្រើសពណ៌ចំនួន ៤: ខៀវ ប្រផេះ ខៀវលាយមាស និងស្ពាន់លាយមាស ហើយវានឹងប្រកាសចេញជាផ្លូវការនាថ្ងៃទី ៣១ កក្កដា នៅសហរដ្ឋអាមេរិក ជាមួយតម្លៃក្រោម ៦០០ ដុល្លារ៕
ប្រភពព័ត៌មានៈ engadget
មតិយោបល់