ព័ត៌មានបច្ចេកវិទ្យា

iPhone 7/ 7 Plus ពណ៌ខ្មៅគ្រើមកាន់តែច្រើនឡើង ជួបបញ្ហារបកទឹកថ្នាំ

យោងតាមសេចក្តីរាយការព័ត៌មានលើគេហទំព័រ Phone Arena មានអ្នកប្រើប្រាស់ទូរសព្ទដៃ iPhone 7 និង 7 Plus ពណ៌ខ្មៅគ្រើមកាន់តែច្រើនឡើង បានសម្តែងការខកចិត្ត និងបង្ហោះរូបភាពទូរសព្ទដ៏មានតម្លៃរបស់ពួកគេជួបបញ្ហារបកថ្នាំត្រង់កន្លែងមួយចំនួន។

បញ្ហានេះ ភាគច្រើនកើតឡើងត្រង់បរិវេណគែមទូរសព្ទ ប៊ូតុងចុច និងរន្ធបំពងសំឡេងស្រោបដោយទឹកថ្នាំអ៊ុយណុប ប៉ុន្តែ នៅផ្ទៃសម្បកខាងក្រោយក៏ជួបបញ្ហារបកខ្លះៗផងដែរ។ ជាងនេះទៅទៀត មានអ្នកប្រើប្រាស់មួយចំនួន បានលើកឡើងថា ទោះបីពួកគេប្រើសម្បកការពារក៏ដោយ ក៏ iPhone 7 ឬ 7 Plus ពណ៌ខ្មៅគ្រើមរបស់ពួកគេនៅតែមិនអាចជៀសផុតពីការរបកទឹកថ្នាំបានដដែល។

ឆ្លើយតបទៅនឹងការស្តីបន្ទោសលើគុណភាពទឹកថ្នាំទូរសព្ទ iPhone ស៊េរីចុងក្រោយនេះ ក្រុមហ៊ុន Apple បានលើកឡើងថា វាគឺជាបញ្ហាខូចខាតផ្នែកសោភណ្ឌភាពខាងក្រៅ ដែលមិនឋិតនៅក្រោមការធានារបស់ក្រុមហ៊ុនឡើង។

គួរបញ្ជាក់ថា iPhone 7 និង 7 Plus ពណ៌ខ្មៅគ្រើម គឺជាជម្រើសពណ៌ថ្មីមួយដែលក្រុមហ៊ុន Apple ទើបបន្ថែមកាលពីខែកញ្ញា ឆ្នាំមុន ជាមួយពណ៌ខ្មៅរលោងមួយផ្សេងទៀត៕

ប្រភពព័ត៌មាន gsmarena, appleinsider

មតិយោបល់