ព័ត៌មានបច្ចេកវិទ្យា

iPhone 8 អាចនឹងឡូយដល់ចេះចំណាំមុខម្ចាស់

បើទោះបីជាទូរសព្ទ iPhone ជំនាន់បន្ទាប់ មិនទាន់ត្រូវបានប្រកាសថានឹងចេញនៅថ្ងៃណាឱ្យប្រាកដក៏ដោយ ក៏ព័ត៌មានស្តីអំពីលក្ខណ:សម្បត្តិរបស់វាត្រូវបានបែកធ្លាយជាហូរហែ និងកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ជាក់ស្តែង ប្រភពក្រៅផ្លូវការថ្មីៗបន្ថែមទៀត បានអះអាងថា ក្នុងឆ្នាំ ២០១៧ នេះ បច្ចេកវិទ្យាស្គេនក្រយៅដៃដែលមានតាំងពី iPhone 5s អាចនឹងហួសសម័យសម្រាប់ក្រុមហ៊ុន Apple ហើយវានឹងត្រូវបានដាក់ជំនួសដោយបច្ចេកសម្គាល់ផ្ទៃមុខ ឬស្គេនប្រស្រីភ្នែក។

ជាមួយគ្នានេះ គេហទំព័រ DigiTimes បានរាយការណ៍អំពីព័ត៌មានបែកធ្លាយចុងក្រោយរបស់កំពូលស្មាតហ្វូនជំនាន់បន្ទាប់របស់ក្រុមហ៊ុន Apple ថា «ក្រៅពីបំពាក់អេក្រង់ OLED ទូរសព្ទ iPhone 8 នឹងភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែ និងស្គេនប្រស្រីភ្នែក ហើយលែងមានទៀតហើយមុខងារ Touch ID និងប៊ូតុងចុច Home នោះ »។

បន្ថែមពីលើនេះ គេហទំព័រ Mac Rumors បានអះអាងថា ខ្លួនទទួលបានប្រភព និងប៉ាតង់ដែលបញ្ជាក់ថា iPhone 8 នឹងចេញមកជាមួយមុខងារស្គេនប្រស្រីភ្នែក ឬសម្គាល់ផ្ទៃមុខ សម្រាប់បង្កើនសន្តិសុខទិន្នន័យទូរសព្ទ ខណ:អ្នកប្រើប្រាស់កាន់តែច្រើនឡើង បង្ហាញក្តីកង្វល់លើមុខងារ Touch ID របស់ Apple។

ដោយឡែក ក្រុមហ៊ុន Xintech ដែលមានមូលដ្ឋាននៅតៃវ៉ាន់ និងជាសាខារបស់រោងចក្រ TSMC ដែលទទួលផលិតបន្ទះឈីពឱ្យក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងចាប់ផ្តើមចង្វាក់ផលិតកម្មបន្ទះឈីបស្គេនប្រស្រីភ្នែកទ្រង់ទ្រាយធំមួយក្នុងឆ្នាំ ២០១៧ នេះ សម្រាប់បំពាក់ឱ្យ iPhone ស៊េរីឆ្នាំ ២០១៧»។

ប្រភពព័ត៌មាន: inquisitr

មតិយោបល់