ក្រោយពីដាក់ចេញកំណែសាកល្បងជំនាន់ទី ៦ សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធីបានទើបតែប៉ុន្មានថ្ងៃ ក្រុមហ៊ុន Apple នៅទីបំផុតទៅបានបញ្ចេញ iOS 11.2 ជំនាន់សម្រេច សម្រាប់អ្នកប្រើប្រាស់ iDevices ទូទៅហើយ ពីយប់ម្សិលមិញ។
iOS 11.2 គឺជាកំណែដ៏សំខាន់មួយនៃប្រព័ន្ធប្រតិបត្តិការចល័តរបស់ក្រុមហ៊ុន Apple។ វាបានពាំនាំមកជាមួយនូវមុខងារធំពីរ គឺ Apple Pay Cash សម្រាប់អ្នកប្រើប្រាស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក និងសមត្ថភាពសាកថ្មតាមបច្ចេកវិទ្យាឥតខ្សែកាន់តែរហ័ស បន្ថែមពីលើការកែកំហុសក្នុងមុខងារ Autocorrect ដែលនាំឱ្យមានការលោតអក្សរ IT និង IS ទៅជា I.T. និង I.S,។
Apple Pay Cash ថ្មីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone ឬ iPad វៀរលុយតាមកម្មវិធី iMessages ស្រដៀងនឹងកម្មវិធី Venmo អីចឹងដែរ។ ដោយសាច់ប្រាក់ គឺអាចដាក់ចូលបានកាតឌីជីថល Apple Pay Cash ក្នុងកម្មវិធី Wallet ដែលមាននៅលើ iOS 11.2 ហើយវាអាចយកទៅប្រើសម្រាប់ទិញមុខទំនិញផ្សេងៗតាមរយៈសេវាបង់ប្រាក់ Apple Pay ឬផ្ទេរចូលទៅកាន់គណនីធនាគារមួយបាន។
សម្រាប់លោកអ្នកដែលកំពុងប្រើប្រាស់ iPhone ម៉ូឌែល 8, 8 Plus, និង X នឹងទទួលបានប្រយោជន៍ច្រើនពី iOS ជំនាន់ថ្មីនេះ ដោយវាជួយឱ្យការសាកថ្មតាមបន្ទះឆ្នាំងសាកឥតខ្សែប្រាស់បច្ចេកវិទ្យា Qi មានល្បឿនកាន់តែលឿន ដោយក្រុមហ៊ុនបានបើកឱ្យប្រព័ន្ធកម្មវិធីទទួលយកការបញ្ជូនចរន្តភ្លើងចូលរហូតដល់ ៧.៥ វ៉ាត់។
បន្ថែមពីលើនេះ វាក៏មានបន្ថែមរូបភាពរស់សម្រាប់ដាក់លំអរផ្ទៃអេក្រង់ខាងក្រោយថ្មីៗមួយចំនួន និងបង្កើនសមត្ថភាពមុខងារទប់លំនឹងសម្រាប់ការថតវីដេអូសម្រាប់ iPhone ស៊េរីចុងក្រោយបង្អស់ផងដែរ។
លោកអ្នកអាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS លើទូរសព្ទ iPhone ឬ iPad របស់ខ្លួនឥឡូវនេះបាន តាមយៈការចូលទៅកាន់កម្មវិធី Settings -> General -> Software Update រួចចុចលើ Download & Install៕
មតិយោបល់