ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត Lexus LS 500h ស៊េរីឆ្នាំ ២០១៨ ដ៏ថ្មីស្រឡាង និងដ៏ប្រណិត ប្រើប្រាស់ម៉ាស៊ីនកូនកាត់ Hybrid សម្រាប់ត្រៀមដាក់តាំងបង្ហាញនៅឯពិព័រណ៌រថយន្តលំដាប់ពិភពលោកលើកទី ៨៧ នាទីក្រុងហ្សឺណែវ នៅខែក្រោយ។
ក្រុមហ៊ុន Lexus មិនទាន់បានទម្លាយឱ្យដឹងអំពីលក្ខណៈសម្បត្តិលម្អិតណាមួយនៅឡើយទេ ក្រៅពីរូបថតមួយសន្លឹក។ ប៉ុន្តែ វាត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ប្រព័ន្ធចលករដ៏ទំនើប Powertrain ដូចជាម៉ូឌែល LS ស៊េរីឆ្នាំ ២០១៨ ដែលទើបបានប្រកាសនៅឯពិព័រណ៍រថយន្ត Detroit កាលពីខែមករាកន្លងទៅ អីចឹងដែរ។
LS ស៊េរីឆ្នាំ ២០១៨ នោះ ប្រើប្រាស់ម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ អាចផ្តល់កម្លាំងថាមពល ២៩៥ សេះ និងល្បឿនរង្វិលជុំ ៤៧១ ញូតុនម៉ែត្រ ព្រមជាមួយពីម៉ូទ័រអគ្គីសនីកម្លាំង ៥៩ សេះ។ បន្ថែមពីលើនេះ វានឹងប្រើប្រាស់ចង្កឹះលេខទាំងប្រភេទ CVT និងចង្កឹះលេខស្វ័យប្រវត្តិ ដែលមាន ៤ កម្រិតល្បឿន រួមបញ្ចូលគ្នា។
រថយន្ត Lexus LS 500h ស៊េរីឆ្នាំ ២០១៨ នឹងបំពាក់អាគុយប្រភេទលីចូមដែក ដើម្បីផ្តល់ថាមពលដំណើរការរបស់រថយន្តជាមួយម៉ូទ័រអគ្គីសនីទាំងស្រុង ប៉ុន្តែ លក្ខណៈសម្បត្តិមួយនេះ មិនទាន់ត្រូវបានចង្អុលបង្ហាញនៅឡើយ។
ចំពោះព័ត៌មានលម្អិតផ្លូវការអំពី Lexus LSS 500h ស៊េរីឆ្នាំ ២០១៨ ដ៏ថ្មីស្រឡាងនេះ នឹងប្រកាសចេញក្នុងអំឡុងសន្និសីទកាសែតរបស់ក្រុមហ៊ុន នៅថ្ងៃអង្គារ៍ ទី ៧ មិនា ម៉ោង ១២:៤៥ រសៀល (ម៉ោងក្នុងតំបន់) នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស៕
ប្រភពព័ត៌មានៈ christianpost
មតិយោបល់