ព័ត៌មានបច្ចេកវិទ្យា

Apple និង Samsung នឹងត្រូវប្រឈមការជំនុំជម្រះថ្មី លើរឿងក្តីក្តាំងចាស់!

Samsung ស្វាគមន៍ តែ Apple មិនពេញចិត្ត

សហរដ្ឋអាមេរិក៖ ចៅក្រមអាមេរិកមួយរូបបានចេញដីកាឱ្យមានការបើកអង្គជំនុំជម្រះក្តីថ្មីមួយទៀត ដើ​ម្បី​ធ្វើការកំណត់​ឡើងវិញថា តើក្រុមហ៊ុន Samsung Electronics គួរតែបង់ប្រាក់ទៅឱ្យក្រុមហ៊ុន Apple ប៉ុន្មាន ចំពោះការលួចចម្លងរូបរាងរបស់ទូរសព្ទដៃ iPhone។

ដីកាបង្គាប់ថ្មីនេះ បានដាក់ចេញនៅថ្ងៃអាទិត្យ ដោយចៅក្រមសង្កាត់នៃទីក្រុង San Jose រដ្ឋ California គឺលោកស្រី Lucy Koh បន្ទាប់ពីតុលាការកំពូលអាមេរិក បានប្រកាសច្រាន​ចោល​សេចក្តីសម្រេចឱ្យ Samsung បង់ប្រាក់ទៅ Apple ចំនួន ៣៩៩ លានដុល្លារ លើការក្លែងបន្លំរូបរាង iPhone សម្រាប់ទូរសព្ទ Galaxy និងឧបករណ៍ដទៃផ្សេងទៀត កាលពី ១០ ខែមុន។

តុលាការកំពូល បាននិយាយថា សំណងការខូចខាតអាចត្រូវបានកំណត់ឡើងដោយផ្អែកទៅលើ ត្រឹមតែផ្នែកនៃឧបករណ៍ដែលប្រហែលត្រូវការរំលោភបំពានកម្មសិទ្ធិប៉ាតង់ប៉ុណ្ណោះ គឺប្រហែលមិនត្រូវគិតក្តោបទៅលើឧបករណ៍ទាំងមូលឡើយ។

លោកស្រី Koh បាននិយាយថា សេចក្តីសម្រេចរបស់គណៈវិនិច្ឆ័យនៅក្នុងការជំនុំជម្រះក្តីរវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរ កាលពីឆ្នាំ ២០១៣ មិនបានឆ្លុះបញ្ចាំងពីភាពភាពត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ ហើយវាប្រហែលនាំឱ្យការធ្វើសេចក្តីសម្រេចរបស់តុលាការថាតើ Samsung ត្រូវបង់ថ្លៃខូចខាតឱ្យ Apple លើផ្នែកខ្លះ ឬលើឧបករណ៍ទាំងមូល មានភាពលម្អៀង។

គួរបញ្ជាក់ថា ទឹកប្រាក់ចំនួន ៣៩៩ លានដុល្លារ គឺជាផ្នែកមួយនៃទឹកប្រាក់សុរបចំនួន ៥៤៨ លានដុល្លារ ដែលក្រុមហ៊ុន Samsung បានបង់ទៅឱ្យក្រុមហ៊ុន Apple នៅក្នុងខែធ្នូ ឆ្នាំ ២០១៥។

ក្រុមហ៊ុន Apple មិនអាចសុំការអធិប្បាយបានភ្លាមៗនោះទេ គិតត្រឹមថ្ងៃចន្ទម្សិលមិញ ចំពោះសេចក្តីបង្គាប់ថ្មីនេះ ខណៈក្រុមហ៊ុន Samsung ស្វាគមន៍ចំពោះសេចក្តីបង្គាត់របស់លោកស្រី Koh នេះ។

គួររំឭកថា ក្តីក្តាំងដែលបានអូសបន្លាយអស់ពេលជាច្រើនឆ្នាំនេះ គឺពាក់ព័ន្ធទៅនឹងការប្តឹងផ្តល់របស់ក្រុមហ៊ុន​ Apple ទៅលើក្រុមហ៊ុន Samsung ថាបានលួចចម្លងរចនាបទទូរសព្ទ iPhone យកទៅប្រើលើទូរសព្ទ Galaxy និងឧបករណ៍ដទៃផ្សេងៗទៀត លើបីចំណុចរួមមាន ផ្ទៃទូរសព្ទផ្នែកមុខរាងចតុកោណពណ៌ខ្មៅ គែមទូរសព្ទរាងមូល និងរូបតាងកម្មវិធីរាងក្រឡាចត្រង្គ៕

ប្រភពព័ត៌មានៈ reuters fortune

មតិយោបល់