ព័ត៌មានបច្ចេកវិទ្យា

មិនដឹងចង់ចេញអីទេ Oppo នៅ MWC បង្ហើបត្រឹមតែរូប 5x

នៅក្នុងលិខិតអញ្ចើញភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងព្រឹត្តិការណ៍សមាជទូរសព្ទចល័តពិភពលោក WMC (World Mobile Congress) នៅថ្ងៃទី ២៧​ កុម្ភ: នាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ក្រុមហ៊ុន Oppo បានរំលេចចេញលក្ខណ:សម្បត្តិស្មាតហ្វូនស៊េរីថ្មីដ៏អាថ៍កំបាំងមួយដែលខ្លួនត្រៀមលើកទៅបង្ហាញនៅឯសមាជ ដោយបង្ហាញត្រឹមតែរូបសញ្ញារាងជាអក្សរ 5x និងពាក្យមួយឃ្លាថា “So close you can feel it”។

ទោះបីជាក្រុមហ៊ុននៃប្រទេសចិនមួយនេះ មិនបានបញ្ជាក់លក្ខណ:សម្បត្តិអ្វីណាមួយឱ្យបានច្បាស់ក៏ដោយ ក៏គេអាចសន្និដ្ឋានបានថា ក្រុមហ៊ុននឹងបញ្ចេញបច្ចេកវិទ្យាកាមេរ៉ាថ្មី ដែលនឹងជួយឱ្យអ្នកប្រើប្រាស់មើលឃើញពិភពលោកបានកាន់តែកៀកច្បាស់ តាមរយ:កាមេរ៉ាទូរសព្ទដៃទំនើប។ ពោលគឺ វានឹងជាស្មាតហ្វូនបំពាក់កាមេរ៉ាភ្លោះដែលអាចយឹតរូបភាពមកជិតបានដល់ទៅ ៥ តង់ ដូច្នេះ អ្នកប្រើប្រាស់អាចប្រើវាដើម្បីផ្តិតយករូបភាពពីចម្ងាយឆ្ងាយៗបានយ៉ាងច្បាស់ល្អ។

គួរបញ្ជាក់ថា កាលពីទើបបោះជំហានចូលក្នុងទីផ្សារដំបូងៗ ស្មាតហ្វូនរបស់ក្រុមហ៊ុន Oppo មានមុខងារពិសេសៗត្រឹមតែពីរបីប៉ុណ្ណោះ ដោយក្នុងនោះ មុខងារពិសេសបំផុតគឺកាមេរ៉ាមុខ ដែលអាចថតរូប Selfie បានយ៉ាងច្បាស់។ ជាបន្តបន្ទាប់ ក្រុមហ៊ុនបានធ្វើទំនើបកម្មបច្ចេកវិទ្យាស្មាតហ្វូនរបស់ខ្លួនឱ្យកាន់តែសម្បូរបែបជាលំដាប់ រហូតទទួលបានការគាំទ្រខ្លាំងបំផុតក្នុងប្រទេសកំណើត នៅត្រីមាសចុងក្រោយ ឆ្នាំ ២០១៦៕

ប្រភពព័ត៌មាន: phonearena

មតិយោបល់