ក្រុមហ៊ុនរថយន្ត Audi នឹងបើកបង្ហាញរថយន្តប្រណិតបំផុតរបស់ខ្លួន ប្រភេទបួនកៅអីម៉ូឌែល A8 ស៊េរីឆ្នាំ ២០១៨ នៅថ្ងៃទី ១១ កក្កដា ខាងមុខ នាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃពិព័រណ៍ Audi Summit លើកដំបូង ដែលនឹងត្រូវបានរៀបចំឡើងដើម្បីបង្ហាញឱ្យឃើញពីដំណោះស្រាយសម្រាប់ការផ្តល់មធ្យោបាយធ្វើដំណើរនៅតាមទីក្រុងថ្មីសម្រាប់ថ្ងៃអនាគត។ ក្នុងនោះ រថយន្តគំរូជាច្រើននឹងត្រូវបានដាក់តាំងបង្ហាញ ដើម្បីស្តែងឱ្យឃើញពីមធ្យោបាយធ្វើដំណើរចល័ត ដែលមនុស្សនឹងប្រើប្រាស់នៅក្នុងថ្ងៃអនាគត។
Audi Summit នឹងចាប់ផ្តើមឡើងដោយការតាំងបង្ហាញរថយន្ត Audi ម៉ូឌែលថ្មីៗ ដែលមានម៉ូឌែល A8 ជាតួឯកក្នុងកម្មវិធី បន្ទាប់មក អ្នកចូលរួមនឹងបន្តទៅកាន់សាលពិព័រណ៍មួយផ្សេងទៀត ដើម្បីមើលការធ្វើបទបង្ហាញពីរថយន្តគំរូថ្មីៗ និងលក្ខណៈពិសេសៗរបស់វា រាប់បញ្ចូលទាំងការបង្ហាញបច្ចេកវិទ្យា AI និងបច្ចេកវិទ្យាផលិតវៃឆ្លាត។
រថយន្តលំដាប់ថ្នាក់ប្រណិត A8 ត្រូវគេរំពឹងថា នឹងមានលក្ខណៈសម្បត្តិស្រដៀងទៅនឹងរថយន្តគំរូ Prologue ដែលត្រូវបានក្រុមហ៊ុនតាំងបង្ហាញឡើងកាលពីប៉ុន្មានឆ្នាំមុន ជាមួយរូបរាងកាន់តែស្លីម និងរឹងមាំ។ ម្យ៉ាងទៀត គ្រប់ម៉ូឌែលរបស់វា នឹងដើរដោយម៉ាស៊ីន Hybrid ប្រើប្រាស់ថាមពលអគ្គិសនីកម្លាំង ៤៨ វ៉ុល ហើយអាចគ្រប់គ្រងការបើកបរតាមប្រព័ន្ធស្វ័យប្រវត្តិ ៣ កម្រិត។
Post Tech នឹងពាំនាំព័ត៌មានលម្អិតអំពីកំពូលរថយន្តប្រណិត Audi A8 នេះ មកជូនប្រិយមិត្តបានជ្រាប នៅពេលដែលវាត្រូវបានបើកបង្ហាញនៅថ្ងៃទី ១១ កក្កដា ខាងមុខ៕
ប្រភពព័ត៌មានៈ cnet
មតិយោបល់