អគារតាំងលក់ និងមជ្ឈមណ្ឌលថែទាំរថយន្ត Mercedes-Benz តម្លៃជាង ១០លានដុល្លារអាមេរិក នឹងបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ២៨ ខែកុម្ភៈ ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។
លោក Jams Zemke អគ្គនាយកក្រុមហ៊ុន Star Auto Cambodia បានលើកឡើងថា អគារ មានស្តង់ដារកម្រិតខ្ពស់ ក្នុងការសន្សំសំចៃថាមពល និងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យពី ៣០ ទៅ ៤០ភាគរយ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់លើបរិយាកាស និងថែរក្សាបរិស្ថាន។
លោកបន្តថា អគារតាំងលក់ថ្មីនេះ មិនមែនមានទិសដៅសម្រាប់តែពាណិជ្ជកម្មនោះទេ គឺដើម្បីចូលរួមចំណែកការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជាផងដែរ។
អគារថ្មីនេះ នឹងផ្គត់ផ្គង់គ្រឿងបន្លាស់ ផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្តប្រកបដោយគុណភាព ជាពិសេសសមស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Star Auto Cambodia ជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខពី ក្រុមហ៊ុនឌែមលើអេជី ក្នុងការចែកចាយរថយន្ត Mercedes-Benz នៅកម្ពុជា៕
មតិយោបល់