ព័ត៌មានបច្ចេកវិទ្យា

ហាង Apple មួយនៅម៉ាឡេ ត្រូវបង្ខំចិត្តបិទទ្វារ ក្រោយហ៊ានប្រកាសលក់ iPhone តម្លៃ ៥០ ដុល្លារ

ហាងលក់រាយនូវផលិតផលរបស់ក្រុមហ៊ុន Apple មួយកន្លែងឈ្មោះ Switch នៅប្រទេសម៉ាឡេស៊ី ត្រូវបង្ខំចិត្តបិទទ្វារទៅវិញ ដោយសារតែមានមនុស្សរាប់ពាន់នាក់សម្រុកមកតម្រង់ជួរទិញ iPhone ដែលខ្លួនបានផ្សព្វផ្សាយលក់លាងឃ្លាំងក្នុងតម្លៃ​ត្រឹម ៥០ ដុល្លារ។

ជាមួយតម្លៃស្ទើរតែផ្តល់ជូនទទេនេះ វាបានទាក់ទាញមនុស្សម្នាមកតម្រង់ជួរនៅពីមុខហាងក្នុងផ្សារទំនើបមួយ យ៉ាងនែននាន់តាន់តាប់ រហូតដល់ម្ចាស់ហាងប្រកាសផ្អាកការលក់បញ្ចុះតម្លៃយ៉ាងពិសេសនេះវិញ ក្រោមហេតុផលសន្តិសុខ។

យោងតាមប្រភពពី 9to5mac ហាង Switch នោះបានឃោសនាដាក់លក់ឡៃ​លុង​នូវ iPhone 5s ក្នុងតម្លៃ ៥០ ដុល្លារ កុំព្យូទ័រយួរដៃ MacBook Air តម្លៃ ១២៨ ដុល្លារ និង iMac តម្លៃត្រឹម ២៥៥ ដុល្លារប៉ុណ្ណោះ។

ប្រភពដដែលបន្ថែមថា ហាងលក់រាយមួយនោះ គឺមាន iPhone សល់សុរបត្រឹម ២០០ គ្រឿងប៉ុណ្ណោះ។

មានមតិខ្លះលើកឡើងថា ជាមួយចំនួន iPhone ដ៏តិចតួច ហើយដាក់លក់ក្នុងតម្លៃដ៏ទាបបែបនេះ ម៉េចចាំបាច់ទៅឃោសនាធ្វើអី។ គ្រាន់តែបង្ហោះលក់តាម​អនឡាញទៅ គឺវានឹងលក់ដាច់អស់បាត់ទៅហើយ។ ម្យ៉ាងទៀត វាងាយស្រួលក្នុងការគ្រប់គ្រងទៀតផង៕

មតិយោបល់