ព័ត៌មានបច្ចេកវិទ្យា

LG G7 មានអេក្រង់ឆកដូច iPhone X?

យោងតាមអ្នកទម្លាយព័ត៌មានសម្ងាត់ផលិតផលទូរសព្ទចល័តដ៏ល្បីល្បាញ លោក Evan Blass បានឱ្យដឹង ដោយមានភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹក បែកធ្លាយចេញពីសារព័ត៌មាន Ynet របស់អីុស្រាអ៊ែល ស្មាតហ្វូនស៊េរីថ្លៃរបស់ LG បន្ទាប់ នឹង​មានឈ្មោះសម្គាល់ថា Neo។

LG Neo នោះ នឹងបំពាក់អេក្រង់ទំហំ ៦.១ អីុញ ធំលាតស្ទើរគ្មានបន្សល់ស៊ុមព័ទ្ធ​ជុំវិញ និងឆកដូចជា iPhone X ហើយវាបំពាក់អេក្រង់ LCD ប្រភេទថ្មី ដែលអាចបញ្ចេញពន្លឺកាន់តែភ្លឺ និងកាន់តែស៊ីថ្មតិច ធៀបនឹងទូរសព្ទ LG ផ្សេងៗ។

LG G7 Neo នោះដែរ ត្រូវគេរំពឹងថា នឹងប្រើប្រាស់បន្ទះឈីប Snapdragon 845 ដូចជា Galaxy S9 និងបំពាក់មេម៉ូរីជាប់ម៉ាស៊ីនទំហំ ៦៤ ជីហ្គាបៃយ៍ រួមជាមួយ RAM ទំហំ ៤ ជីហ្គាបៃយ៍ ហើយត្រូវគេរាយការណ៍មកថា វាស្រោបដោយស្រទាប់ការពារទឹកជ្រាប និងបច្ចេកវិទ្យាសាកថ្មឥតខ្សែផងដែរ។

ទាក់ទងទៅនឹងព័ត៌មានបែកធ្លាយនេះ តំណាងម្នាក់របស់ក្រុមហ៊ុន LG មិនអាចធ្វើការគូសបញ្ជាថាវា គឺជាការពិតឬក៏យ៉ាងណានោះទេ។ ពោលគឺ គេមិនបានធ្វើការបដិសេធ ឬទទួលស្គាល់ ឬបង្ហើបប្រាប់អ្វីបន្ថែមឡើយ។

គួរបញ្ជាក់ថា កាលពីព្រឹត្តិការ WMC 2018 ក្រុមហ៊ុន LG មិនបានបើកបង្ហាញស្មាតហ្វូនស៊េរីបន្ទាប់របស់ខ្លួនអ្វីទេ ក្រៅពីឧទ្ទេសនាម LG V30 ដែលត្រូវបានកែ​ឱ្យប្រសើរឡើងប៉ុណ្ណោះ។

យោងតាមលោក Blass ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េបានរៀបចំកិច្ចប្រជុំបិទទ្វារមួយនៅឯព្រឹត្តិការណ៍ដែលទើបតែបានបិទបញ្ចប់កាលពីសប្តាហ៍មុននោះ។ ហើយលោកថា រូបថតដែលទើបតែបែកធ្លាយនេះ គឺចេញពីកិច្ចប្រជុំនោះ៕

ប្រភពព័ទ៌មានៈ cnet

មតិយោបល់