ព័ត៌មានបច្ចេកវិទ្យា

បុរសម្នាក់ត្រូវជាប់ពន្ធធនាគារ ៣០ ថ្ងៃ និងពិន័យជាសាច់ប្រាក់មួយចំនួន ដោយសារបង្ហោះដ្រូនធ្លាក់ចំស្ត្រីម្នាក់សន្លប់ឈឹង

ម្ចាស់អាជីវកម្មថតរូបលើអាកាសម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធធនាគារ ៣០ ថ្ងៃ និងពិន័យជាសាច់ប្រាក់ចំនួន ៥០០ ដុល្លារ ​ក្រោយពេលដែល​លោកបានបង្ហោះដ្រូន ធ្លាក់លើហ្វូងមនុស្សកំពុងដើរដង្ហែរក្បួន ហើយត្រូវចំស្ត្រីម្នាក់សន្លប់ឈឹង។

លោក Paul Skinner មានអាយុ ៣៨ ឆ្នាំ ត្រូវបានគេចោទប្រកាន់ពីបទខ្វះសេចក្តីប្រុងប្រយ័ត្ន ដោយលោកចៅក្រម Willie Gregory នៃតុលាការក្រុងស៊ីថល។ ចៅក្រមដដែលបានទទួលស្គាល់រឿងក្តីនេះថា ជាការប៉ះទង្គិចដោយចៃដន្យ ហើយមិនមែនជាចេតនាទេ ប៉ុន្តែការផ្តន្ទាទោសនៅតែមិនអាចលើកលែងបាន ដោយសារតែលោក Skinner ស្ថិតក្រោមការប្រព្រឹត្ដិទង្វើខុសឆ្គង បង្កឲ្យមានការរងរបួសកើតឡើងដោយសារការបង្ហោះដ្រូន។

ស្របពេលដែលការឃាត់ខ្លួន ឬការពិន័យជាប់ទាក់ទិននឹងរឿងបង្ហោះដ្រូនធ្លាក់ នៅក្នុងសហរដ្ឋអាមេរិក បានកើតឡើងជាច្រើនករណី ក្នុងរយៈ ៣ ឆ្នាំចុងក្រោយ ករណីថ្មីនេះ គឺជាលើកដំបូងបង្អស់ហើយ ដែលត្រូវបានកាត់ក្តីឲ្យមានការជាប់ពន្ធធនាគារ។ លោក Arthur Holland Michael សហនាយកនៃមជ្ឈមណ្ឌលសិក្សាទៅលើដ្រូន បានថ្លែងថា លោកមិនដែលឮអំពីករណីបង្ហោះដ្រូនធ្លាក់ ទទួលបានការជាប់ពន្ធនាគារពីមុនមកនោះទេ។

ការសម្រេចកាត់ឱ្យលោក Paul មានទោស គឺដោយអនុលោមទៅតាមច្បាប់ស្រាប់មួយដែលចែងអំពីការគ្រប់គ្រងការហោះហើររបស់ដ្រូន ហើយច្បាប់ទាំងនោះ ត្រូវបានគេធ្វើការកែតាក់តែងបន្ថែមឡើងថ្មីៗយ៉ាងឆាប់រហ័ស។ ក្រុមសមាជិកសភាក្នុងទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលលោក Skinner ត្រូវបានកាត់សេចក្តី កំពុងតែធ្វើសេចក្តីព្រាងច្បាប់ថ្មី ដើម្បីរឹតបណ្តឹងការប្រើប្រាស់យន្តហោះដ្រូនឱ្យកាន់តែប្រសើរ។

ក្រុមពាណិជ្ជករឧស្សាហកម្មដ្រូនជាច្រើន ក៏បានប្រឆាំងទៅនឹងវិធានការទាំងនោះ ដោយលើកហេតុផលថា ច្បាប់ក្នុងស្រុកអាចនឹងធ្វើឱ្យរញ៉េរញ៉ៃ នឹងមានការជាន់គ្នាទៅនឹងច្បាប់ដែលបានតាក់តែងរួចស្រាប់ដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ។

“ច្បាប់ប្រៀបដូចជាវិក្កយបត្រ” នេះបើតាមការយល់ឃើញពីសំណាក់ប្រជាពលរដ្ឋនៅក្នុងទីក្រុងវ៉ាស៊ីនតោន៕

ប្រភពព័ត៌មាន៖ Theverge.com

 

មតិយោបល់