ព័ត៌មានបច្ចេកវិទ្យា

Oppo ប្រកាសចេញ​បច្ចេកវិទ្យាកាមេរ៉ា 5x ស៊ីដាច់ iPhone 7 Plus ដែលមានតែ 2x  

 

ដូចការរំពឹងទុក ក្រុមហ៊ុន​ Oppo បានបង្ហាញចេញនូវបច្ចេកវិទ្យាកាមេរ៉ាថ្មីស្រឡាងមួយរបស់ខ្លួនដែលអាចយឹតរូបភាពមកជិតបានរហូតដល់ 5x (៥ តង់) ដោយគ្មានការថមថយគុណភាពរូប។ បច្ចេកវិទ្យាកាមេរ៉ាអ៊ុបទិចនេះ ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិនមួយនេះ ប្រកាសថា គឺជាជោគជ័យមួយរបស់ខ្លួនក្នុងការច្របាច់បញ្ចូលកញ្ចក់កាមេរ៉ាប្រភេទ Telephoto ទៅក្នុងទូរសព្ទចល័ត អនុញ្ញាតឱ្យវាអាចទាញរូបភាព ឬវត្ថុឆ្ងាយៗមកជិតដើម្បីផ្តិតយកបានច្បាស់ល្អ។

បច្ចេកវិទ្យាកាមេរ៉ាថ្មីនេះដែរ កំពុងរុញច្រានបច្ចេកវិទ្យាកាមេរ៉ាទូរសព្ទ iPhone 7 Plus របស់ក្រុមហ៊ុន Apple ងាកទៅម្ខាងនៃក្រសែភ្នែកមហាជនទូទៅ ខណ:ដែលវាមានត្រឹមតែ 2x ប្រើប្រាស់អង្គញាណកាមេរ៉ាពីរ មួយសម្រាប់យឹតរូបភាពចូលមកជិត និងមួយទៀតសម្រាប់ថត ដោយមានកម្មវិធីមួយជាជំនួយ។ ខុសពីបច្ចេកវិទ្យារបស់ Oppo ដែលប្រើប្រាស់អង្គញាណកាមេរ៉ាពីរដែរ តែអង្គទី ២ បង្កប់នៅខាងក្នុងតួទូរសព្ទ កែងទៅនឹងអង្គទីមួយ ហើយវាធ្វើការជាមួយកញ្ចក់កែវប្រភេទ Telephoto ដាក់ត្រួតស៊ីគ្នាចំនួន ៥ ជាន់ នៅខាងក្នុង អាចរេចុះឡើងបានក្នុងមុំ ០.០០២៥ ដឺក្រេ ដែលវាជួយឱ្យការយឹតរូបភាពមកជិត និងទប់លំនឹងរូបភាពបានយ៉ាងល្អប្រសើរ។

ក្រុមហ៊ុន Oppo អះអាងថា បច្ចេកវិទ្យាដែលអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន Corephotonics និងប្រើរយ:ពេលប្រហែល ១ ឆ្នាំនេះ ធ្វើឱ្យគុណភាពរូបថតពុំមានការបាត់បង់ បើទោះជាយឹតរូបភាពមកជិតដល់ ៥ តង់ក៏ដោយ៕

ប្រភពព័ត៌មាន: oppo

មតិយោបល់