ព័ត៌មានបច្ចេកវិទ្យា

អ្នកវិភាគ: Samsung កំពុងដំណើរការអភិវឌ្ឍបន្ទះស្គេនក្រយៅដៃក្រាលក្រោមអេក្រង់សម្រាប់ Note 9

បន្ទះស្គេនក្រយៅដៃបានក្លាយជាបច្ចេកវិទ្យាស្មាតហ្វូនដ៏សាមញ្ញមួយទៅហើយនាពេលបច្ចុប្បន្ន ខណៈនៅឆ្នាំ​២០១៨ គេបានប៉ាន់ប្រមាណថា ស្មាតហ្វូនចំនួន ៧០% នឹងមានបំពាក់បន្ទះស្គេននេះមកជាមួយ។ ទន្ទឹមគ្នានោះ ក្រុមហ៊ុន Samsung ត្រូវគេរាយការណ៍ថា​ នឹងធ្វើទំនើបកម្មបច្ចេកវិទ្យាសន្តិសុខលើឧបករណ៍ចល័តឱ្យរបស់ខ្លួនកាន់តែអស្ចារ្យ។

យោងតាមអ្នកវិភាគផ្នែកបច្ចេកវិទ្យាសន្តិសុខដ៏ល្បីល្បាញមកពីក្រុមហ៊ុន KGI Securities លោក Ming-Chi Kuo បានឱ្យដឹងថា Samsung អាចនឹងបំពាក់បន្ទះស្គេនក្រយៅដៃក្រោមស្រទាប់កញ្ចក់អេក្រង់ឱ្យ Galaxy Note 9 របស់ខ្លួន នៅឆ្នាំ ២០១៨។

អ្នកវិភាគដដែលបន្ថែមថា ក្រុមហ៊ុនអេឡិចត្រូនិចយក្សកូរ៉េបានទទួលបានរួចទៅហើយនូវគំរូបច្ចេកវិទ្យាដែលពិភពលោកកំពុងទន្ទឹងរង់ចាំមួយនេះពីក្រុមហ៊ុនផ្គត់ផ្គង់មួយចំនួនរបស់ខ្លួន។ លោកថា បច្ចុប្បន្នមានក្រុមហ៊ុនឯកទេស ៤ កំពុងប្រជែងគ្នាដណ្តើមយកកុងត្រាជាមួយ Samsung សម្រាប់ការផលិតបន្ទះ​ស្គេនក្រយៅជំនាន់ថ្មី ក្នុងនោះរួមមាន ក្រុមហ៊ុន Synaptics, BeyondEyes, Samsung LSI និង​ Egis។

ទោះយ៉ាងណា ព័ត៌មានលម្អិតមិនត្រូវបានទម្លាយឱ្យដឹងទេ។ កន្លងមក Samsung ត្រូវគេរាយការណ៍ថា បានព្យាយាមច្របាច់បញ្ចូលបន្ទះស្គេនក្រយៅ​ដៃ​លើផ្ទៃអេក្រង់របស់ Note 8 និង S8 ប៉ុន្តែ ដោយសារពេលវេលាមានមិនគ្រប់គ្រាន់ ទើបក្រុមហ៊ុនបោះបង់ចោលទៅវិញ។

ទាក់ទងទៅនឹងការលើកឡើងរបស់លោក Kuo បើវាគឺជាការពិតមែន នៅឆ្នាំក្រោយ លោកអ្នកនឹងអាចចាប់យកបទពិសោធថ្មីនៃការប្រើបន្ទះស្គេនក្រយៅ​ដៃលើបន្ទះអេក្រង់ទូរសព្ទរបស់ក្រុមហ៊ុន Samsung ជាមិនខាន៕

របាយការណ៍ថ្មីៈ Galaxy Note 9 អាចជាទូរសព្ទ Samsung ដំបូងបង្អស់ ដែលបំពាក់បន្ទះស្គេនក្រយៅដៃលើបន្ទះអេក្រង់?

ប្រភពព័ត៌មានៈ androidauthority

មតិយោបល់