ព័ត៌មានបច្ចេកវិទ្យា

Porsche បញ្ចេញត្រកូលស្ព័រ Turismo ស៊េរីឆ្នាំ ២០១៨ មុនពិព័រណ៍រថយន្តក្រុងហ្សឺណែវ

ទោះបីជាក្រុមហ៊ុន Porsche ទើបតែចេញលក់រថយន្ត Panamera ស៊េរីឆ្នាំ ២០១៧ ក៏ដោយ ក៏ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយនេះ បានត្រៀមខ្លួនរួចជាស្រេចនូវត្រកូលស្ព័រដ៏ប្រណិតស៊េរីបន្ទាប់របស់វា សម្រាប់តាំងបង្ហាញឯពិព័រណ៌រថយន្តទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី ៩ ដល់ ១៩ ខែមីនា ខាងមុខនេះផងដែរ។

រថយន្តស្ព័រ Panamera Turismo ស៊េរីឆ្នាំ ២០១៨ ត្រូវបានរចនាឡើងកាន់តែល្អខ្ចោះ និងកាន់តែធំទូលាយ ដោយការពង្រីកដំបូលរថយន្តទៅក្រោយកាន់តែវែង និងបំពាក់កៅអីក្រោយចំនួន ៣ ខុសពីស៊េរីមុនរបស់វាដែលមានតែកៅអីក្រោយពីរ។

រថយន្តស្ព័រត្រកូល Turismo ស៊េរីថ្មីនេះ ក៏ត្រូវបានផលិតចេញជាជម្រើស ៤ ម៉ូឌែលសម្រាប់ប្រភេទម៉ាស៊ីនខុសៗគ្នាផងដែរ ដោយក្នុងនោះរួមមានម៉ូឌែល: Panamera 4 ប្រើម៉ាស៊ីន Turbocharged V6 កម្លាំង ៣៣០ សេះ តម្លៃចាប់ពី ៩៧,២៥០​ ដុល្លារ, Panamera 4 E-Hybrid ប្រើម៉ាស៊ីន Turbocharged ភ្លោះ V6 ចំណុះ ២.៩ លីត្រ និងម៉ូទ័រអគ្គីសនី មានកម្លាំងផ្គួប ៤៦២ សេះ តម្លៃចាប់ពី ១០៥,០៥០ ដុល្លារ, Panamera 4S ប្រើម៉ាស៊ីន Turbocharged ភ្លោះ V6 ចំណុះ ២.៩ លីត្រ មានម៉ូទ័រអគ្គីសនី កម្លាំង ៤៤០ សេះ តម្លៃចាប់ពី ១១០,០៥០ ដុល្លារ, និង Panamera Turbo ប្រើម៉ាស៊ីន Turbocharged ភ្លោះ V8 ចំណុះ ៤ លីត្រ កម្លាំង ៥៥០ សេះ តម្លៃចាប់ពី ១៥៥,០៥០ ដុល្លារ។

រថយន្តស្ព័រដ៏ប្រណិតទាំង ៤ ម៉ូឌែល ត្រូវបានគេរំពឹងថា នឹងចេញលក់នៅលើទីផ្សារនៃសហរដ្ឋអាមេរិក នៅបំណាច់ឆ្នាំ ២០១៧ ខាងមុខ៕

ប្រភពព័ត៌មានៈ autoweek

មតិយោបល់