ព័ត៌មានបច្ចេកវិទ្យា

Xiaomi ចង់ស្ទាក់ចិត្តអ្នកចាំ iPhone 8 ឱ្យមកចាប់អារម្មណ៍លើស្មាតហ្វូនអេក្រង់គ្មានស៊ុមស៊េរីថ្មីខ្លួនវិញ

ក្រុមហ៊ុន Xiaomi បានបញ្ចេញទូរសព្ទបំពាក់អេក្រង់ស្ទើរគ្មានស៊ុម ដែលបានធ្វើឱ្យកក្រើកពិភពស្មាតហ្វូនម្តងរួមមកហើយ កាលពីខែតុលាកន្លងទៅ។ ឥឡូវ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនមួយនេះ កំពុងត្រៀមប្រកាសចេញជំនាន់ថ្មីរបស់វា ដែលនឹងបំពាក់មកជាមួយលក្ខណ:សម្បត្តិកាន់តែពិសេស ជាពិសេស លើផ្នែកអេក្រង់ នៅក្នុងព្រឹត្តិការណ៍មួយដែលនឹងប្រព្រឹត្តិទៅនាទីក្រុង ប៉េកាំង មួយថ្ងៃមុនការប្រកាសចេញ iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple។

ការជ្រើសរើសកាលបរិច្ឆេទនេះ គឺជាយុទ្ធសាស្រ្តវៃឆ្លាតបំផុតមួយរបស់ក្រុមហ៊ុន Xiaomi ក្នុងការទាញចំណាប់អារម្មណ៍មហាជនដែលកំពុងផ្តល់ការរំពឹងទុកយ៉ាងធំសម្បើមទៅលើទូរសព្ទ iPhone ជំនាន់បន្ទាប់ ឱ្យបានមុន និងមកលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។

គួររំឭកថា Mi Mix ស៊េរីឆ្នាំ ២០១៦ បានទាក់ទាញការគាំទ្រ និងអ្នកស្រឡាញ់ពេញចិត្តជាច្រើន តាមរយ:រចនាបទអេក្រង់ធំលាត គែមជុំវិញស្តើងបំផុតមិនធ្លាប់មាននៅលើស្មាតហ្វូនក្រុមហ៊ុនដទៃ។ លុះមកដល់ឆ្នាំ ២០១៧ នេះ អេក្រង់បែបនេះ បានក្លាយជាប្រធានបទក្តៅនៅលើវេទិកាបើកបង្ហាញស្មាតហ្វូនស៊េរីថ្មីៗ។ ក្រុមហ៊ុនជាច្រើន រួមទាំង Samsung និង LG ផងដែរ បាននិងកំពុងព្យាយាមអភិវឌ្ឍស្មាតហ្វុនឱ្យមានអេក្រង់ហ៊ុមព័ន្ធដោយគែមកាន់តែស្តើង។

ខណ:ក្រុមហ៊ុន Miaomi មិនបានបង្ហាញអ្វីច្រើនទាក់ទងទៅនឹង Mi Mix ជំនាន់ទីពីរ ព័ត៌មានចចាមអារ៉ាមថ្មីៗបានអះអាងថា វានឹងបំពាក់អេក្រង់កាន់តែមានគែមតូច បន្ថែមពីលើការប្រើបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ជំនាន់ Snapdragon 836 និងដើរលើប្រព័ន្ធ Android Oero 8.0 ចេញពីប្រអប់តែម្តង៕

ប្រភពព័ត៌មាន: techcrunch

មតិយោបល់