ព័ត៌មានបច្ចេកវិទ្យា

CNN ប្រកាសចេញអង្គភាពព័ត៌មានវីដេអូ Virtual Reality ផ្លូវការ

បណ្តាញទូរទស្សន៍ CNN (Cable News Network) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវអង្គភាពសារព័ត៌មានថ្មីមួយឈ្មោះ CNNVR ដែលមាននាទីផលិតព័ត៌មានជាវីដេអូ និងវីដេអូផ្សាយផ្ទាល់ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗ ដោយប្រើប្រាស់បច្ចេកវិទ្យាវីដេអូប្រចក្សនិម្មិត VR។

ក្រុមហ៊ុនទូរទស្សន៍អាមេរិកមួយនេះ បានសាកល្បងប្រើប្រាស់បច្ចេកវិទ្យារូបភាពនិម្មិតនេះច្រើនឆ្នាំមកហើយ។ រហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតចេញវីដេអូប្រភេទរង្វិលជុំ ៣៦០ ដឺក្រេនេះ ជាង ៥០ រឿងហើយ ហើយក៏ធ្លាប់បានសហការជាមួយក្រុមហ៊ុន NextVR ផ្សាយផ្ទាល់ព្រឹតិ្តការណ៍ជជែកដេញដោលរបស់បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យក្នុងឆ្នាំ ២០១៥ ផងដែរ។

នាយករងប៉ុស្តិ៍ទូរទស្សន៍ CNN ផ្នែក Premium Content Video (មាតិកាវីដេអូថ្មីៗ) លោក Jason Farkas បានថ្លែងឡើងកាលគ្រានោះថា «ខ្ញុំជឿថា VR គឺជាឧបករណ៍បច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតដែលយើងត្រូវតែប្រើប្រាស់វាឱ្យបានសម្រេចដល់គោលដៅ»។ លោកបន្ថែមថា «វាអាចនាំអារម្មណ៍ទស្សនិកជន ទោះឋិតនៅទីកន្លែងណាក៏ដោយ ឱ្យធ្វើដំណើរទៅកាន់ពិភពដែលយើងផ្តិតផ្សាយជារូបភាពវីដេអូ VR ដោយគ្រាន់តែប្រើពាក់វែនតា VR នៅលើផ្ទៃមុខរបស់ពួកគេប៉ុណ្ណោះ»។ ពោលគឺ វានឹងធ្វើឱ្យពួកគេមានអារម្មណ៍ដូចជាឋិតនៅក្នុងព្រឹត្តិការណ៍ផ្ទាល់អីចឹង»។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលមានអង្គភាពព័ត៌មានដាក់ចេញក្រុមការងារសម្រាប់ផលិតមាតិកាព័ត៌មាន VR ដូច្នេះ។ កាលពីឆ្នាំមុន កាសែត Huffington Post បានចាប់ផ្តើមចេញមាតិកាវីដេអូ VR នៅលើគេហទំព័រ និងកម្មវិធីទូរសព្ទចល័តរបស់ពួកគេរួចទៅហើយ ហើយនៅប៉ុន្មានខែមុននេះ កាសែត The New York Times ក៏បានចាប់ផ្តើមបង្កើតមាតិកាព័ត៌មាន VR ប្រចាំថ្ងៃដោយខ្លួនផ្ទាល់ហៅថា The Daily 360 ផងដែរ៕

ប្រភពព័ត៌មាន: engadget

មតិយោបល់