លោក Mark Zuckerberg ដែលជានិស្សិតបោះបង់ចោលការសិក្សា ពីសាកលវិទ្យាល័យល្បីឈ្មោះលើពិភពលោកមួយឈ្មោះ Harvard ត្រូវបានអញ្ជើញឲ្យទៅទទួលសញ្ញាបត្រ។
នោះមិនមែនមានន័យថា លោក Zuckerberg មហាសេដ្ឋីវ័យ ៣២ ឆ្នាំរូបនេះ វិលត្រឡប់ទៅសិក្សាវិញនោះទេ។ តាមពិតទៅ គឺគាត់ត្រូវបានអញ្ជើញឲ្យឡើងថ្លែងសុន្ទរកថាផ្តល់អនុសាសន៍ទៅដល់ក្រុមនិស្សិតឆ្នាំសិក្សាថ្មី ២០១៧ ទន្ទឹមនឹងនោះ គាត់ក៏នឹងទទួលបានសញ្ញាបត្រកិត្តិយសមួយពីសាកលវិទ្យាល័យផងដែរ។
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Harvard លោកស្រី Drew Faust ក៏បានធ្វើការបកស្រាយពីមូលហេតុនៃការសម្រេចចិត្ត អញ្ជើញលោក Zuckerberg មកថ្លែងសុន្ទរកថា ក្នុងថ្ងៃប្រគល់សញ្ញាបត្រលើកទី ៣៦៦ នេះ ដោយសារចង់ឲ្យនិស្សិតជំនាន់ក្រោយ ស្វែងយល់ពីភាពជោគជ័យរបស់លោក។ ហើយនិស្សិតគ្រប់រូប ក៏អាចប្រជែងជាមួយលោក Zuckerberg ក្នុងការធ្វើឲ្យពិភពលោកផ្លាស់ប្តូរថ្មី ដូចដែលលោកបានធ្វើការប្តេជ្ញាចិត្ត អភិវឌ្ឍន៍បច្ចេកវិជ្ជាជាន់ខ្ពស់ និងលើកកម្ពស់វិស័យអប់រំ។
កាលពី ១០ ឆ្នាំមុនសាកលវិទ្យាល័យ Harvard ធ្លាប់បានអញ្ជើញលោក Bill Gates ដែលជានិស្សិតបានបោះបង់ចោលការសិក្សា រួចក្លាយខ្លួនជាមហាសេដ្ឋីបច្ចេកវិជ្ជាទី ១ លើពិភពលោក ឲ្យមកថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ ដូចគ្នាផងដែរ។
ខាងក្រោមជាវីដេអូបង្ហាញថា លោក Zuckerberg បានទៅជួបលោក Bill Gates សុំឲ្យជួយផ្តល់អនុសាសន៍ សម្រាប់ការថ្លែងសុន្ទរកថារបស់លោកនាពេលខាងមុខ៖
សូមជម្រាបថា លោក Zuckerberg បានបោះបង់ការសិក្សាពីសាកលវិទ្យាល័យ Harvard អំឡុងពេលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ ២០០៤ ហើយបានផ្លាស់ទៅសិក្សានៅ Palo Alto ដែលជាមជ្ឈមណ្ឌលហ្វឹកហ្វឺនផ្នែកប្រព័ន្ធ Network នៅក្នុងរដ្ឋកាលីហ្វញ៉ា ក្រោយមកគាត់ក៏បានបង្កើតបណ្តាញសង្គមផ្ទាល់ខ្លួនមួយជាលើកដំបូង។ រយៈពេល ១៣ ឆ្នាំក្រោយមក បណ្តាញសង្គមរបស់លោក ចាប់ផ្តើមក្លាយខ្លួនទៅជាក្រុមហ៊ុនដ៏មានសក្តានុពលខ្លាំងជាងគេបង្អស់លើពិភពលោក។
គួរបញ្ជាក់ថា លោក Zuckerberg នឹងត្រូវឡើងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Harvard ក្នុងថ្ងៃទី ២៥ ខែ ឧសភា ខាងមុខនេះ៕
ប្រភពពត៌មាន៖ thebusinessinsider.com
មតិយោបល់