ព័ត៌មានបច្ចេកវិទ្យា

អស្ចារ្យមែន! ក្តារចុច Gborad របស់ Google ឥឡូវ នឹងអាចបកប្រែពាក្យកំពុងវាយទៅជាភាសាមួយផ្សេងបានភ្លាមៗតែម្តង

កម្មវិធីក្តារចុចដ៏វៃឆ្លាតបំផុតសម្រាប់ឧបករណ៍ចល័ត ទើបត្រូវបានបន្ថែមលក្ខណៈពិសេសថ្មីមួយ ដែលនឹងអាចបកប្រែពាក្យដែលអ្នកប្រើប្រាស់កំពុងវាយបញ្ចូលលើទូរសព្ទស្មាតហ្វូន ឬឧបករណ៍ថេប្លេតរបស់ខ្លួន ឱ្យទៅជាភាសាមួយផ្សេងទៀតតាមការជ្រើសរើសក្នុងពេលជាមួយគ្នាតែម្តង។

លក្ខណៈពិសេសនេះ គឺជាកំណែដ៏អស្ចារ្យថ្មីមួយរបស់ក្រុមហ៊ុន Google សម្រាប់ឧបករណ៍ដើរដោយប្រព័ន្ធ Android បន្ទាប់ពីក្តារចុចដែលត្រូវបានប្តូរឈ្មោះពី Google Keyboard មកជា Gboard នេះ កាលពីឆ្នាំមុន ត្រូវបានដាក់បន្ថែមមុខងារចុចបកប្រែមួយ ដែលអនុញ្ញាឱ្យអ្នកប្រើប្រាស់ចុចជាប់លើប៊ូតុង Home បកប្រែអត្ថបទនៅលើអេក្រង់ទៅជាភាសាមួយផ្សេងទៀត។​

ឥឡូវនេះ ជាមួយ Gboard វានឹងធ្វើការដោយស្វ័យប្រវត្តិសម្រាប់លោកអ្នកតែម្តង ដោយលោកអ្នកគ្រាន់តែចុចលើរូបអក្សរ G ពណ៌ឥន្ទនូប៉ុណ្ណោះ នោះពាក្យពេចន៍ដែលលោកអ្នកកំពុងវាយបញ្ចូលក្នុងសារ ឬអត្ថបទផ្សេងៗក្នុងកម្មវិធីដែលគាំទ្រជាមួយវា នឹងលោតចេញពាក្យនៃភាសាមួយផ្សេងទៀតដែលលោកអ្នកបានជ្រើសរើសក្នុងពេលដំណាលគ្នាតែម្តង។ ម្យ៉ាងទៀត ប្រអប់ Translate ដែលមាននៅលើមឺនុយ Quick Start ក៏គាំទ្រអត្ថបទពីមុនៗផងដែរ ដូច្នេះ លោកអ្នកអាចចម្លងអត្ថបទចាស់ៗមកដាក់បញ្ចូលក្នុងប្រអប់នោះ ដើម្បីធ្វើការបកប្រែទៅជាភាសាណាមួយតាមចិត្តចង់បាន។

បន្ថែមពីនេះ Gboard ក៏នឹងទទួលបាននូវកំណែមុខងារវាយបញ្ចូលពាក្យដោយប្រើសំឡេង ដែលនឹងធ្វើឱ្យលោកអ្នកកាន់តែងាយស្រួលក្នុងការចុចប្តូរការបកប្រែភាសាពីមួយទៅមួយ ព្រមជាមួយការកែលំអរមុខងារពិសេសៗជាច្រើនទៀតផងដែរ៕

ប្រភពព័ត៌មានៈ msn

មតិយោបល់