ព័ត៌មានបច្ចេកវិទ្យា

លេងហ្គេម Pokémon Go ជួយលោកអ្នកជៀសផុតពីជម្ងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

ការសិក្សាថ្មីមួយបានស្រាវជ្រាវឃើញថា ហ្គេម “Pokémon Go” មិនត្រឹមតែផ្តល់ជូននូវល្បែងដើរចាប់សត្វប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងទាក់ទាញអ្នកប្រើប្រាស់ឲ្យបង្កើនសកម្មភាពដើរកាន់តែច្រើនទៀតផង។

កញ្ញា Hanzhang Xu ជាអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Duke (សាលាពេទ្យ) បានបង្ហាញការរកឃើញថ្មីមួយរបស់នាង នៅក្នុងកិច្ចប្រជុំសមាគម American Heart​។

នៅក្នុងការស្រាវជ្រាវនោះ នាង និងមិត្តរួមក្រុមបានអញ្ជើញម្ចាស់ទូរស័ព្ទដៃ iPhone​ ចំនួន ១៦៧ នាក់ ឲ្យដោនឡូដ និងលេងហ្គេម “Pokémon Go” រយៈពេល ១៥ ថ្ងៃ រាប់ចាប់តាំងពីថ្ងៃទី ១៥ ខែ មិថុនា ដល់ថ្ងៃទី ៣១ ខែ មិថុនា ឆ្នាំ ២០១៦ ចំណែកឯអ្នកដែលចូលរួមត្រូវបានបង្គាប់ឲ្យប្រើកម្មវិធី Health លើ iPhone ដើម្បីកត់ត្រារាល់ជំហានរបស់ពួកគេដែលបានដើរអំឡុងពេលលេងហ្គេម។

ក្រោយមក លទ្ធផលបានបង្ហាញឲ្យដឹងថា អ្នកចូលរួមលេង មានការដើរជាមធ្យមជិត ៥,៦០០ ជំហានក្នុងមួយថ្ងៃ បើគិតទៅកើនឡើង ២,០០០ ជំហាន មុនពេលចាប់ផ្តើមលេង “Pokémon Go”

បើយោងតាមក្រុមអ្នកស្រាវជ្រាវដដែល ចំនួនជំហានដែលកើនឡើងនេះ ស្មើរទៅនឹងការថយចុះចំនួន ៨ % នៃជម្ងឺគាំងបេះដូង និងជម្ងឺដាច់សរសៃឈាមខួរក្បាលកម្រិតធ្ងន់។

កញ្ញា XU និងមិត្តរួមក្រុមនាង បានរាយការណ៍បន្ថែមថា ការលេងហ្គេម “Pokémon Go” ទ្វេដងតាមដែលអាចទៅរួច នឹងធ្វើឲ្យពួកគេឈានដល់ការដើរ ១០,០០០ ជំហានក្នុងមួយថ្ងៃ។

ថ្មីៗនេះដែរ កំណែកម្មវិធីហ្គេម “Pokémon Go” បានដាក់បន្ថែមសត្វចំនួន ៨០ ក្បាលថ្មីថែមទៀត៕

ប្រភពព័ត៌មាន៖ businessinsider.com

មតិយោបល់