បន្ទាប់ពីត្រូវបានក្រុមអនាមិកលួច (Hack) ចូលទៅគ្រប់គ្រងអស់មួយរយៈ ឥឡូវនេះ ទំព័រ Facebook ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា អាចបើកឱ្យដំណើរការបានតាមធម្មតាវិញហើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរបង្ហោះផ្សាយនៅលើទំព័រ Facebook របស់ខ្លួន។
នៅក្នុងសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរាដែលធ្វើឡើងនៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០១៧ បានឱ្យដឹងថា ចាប់ពីពេលនេះតទៅ ទំព័រ Facebook ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ដែលមានអាសយដ្ឋាន www.facebook.com/apsaraautorite អាចអនុញ្ញាតឱ្យសាធារណជនចូលទៅតាមដានព័ត៌មានដូចជា អត្ថបទ រូបភាព និងវីដេអូផ្លូវការផ្សេងៗ បានដូចធម្មតាវិញហើយ បន្ទាប់ពីឆ្លងកាត់ការខិតខំប្រឹងប្រែងសង្គ្រោះមកវិញរបស់ក្រុមអ្នកបច្ចេកទេស។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៨ កុម្ភៈ កន្លងទៅនេះ មានជនអនាមិកមួយក្រុមបានលួចចូលទៅគ្រប់គ្រងទំព័រ Facebook ផ្លូវការ និងគណនីពាក់ព័ន្ធមួយចំនួនរបស់អាជ្ញាធរជាតិអប្សរា បណ្តាលឱ្យការផ្សព្វផ្សាយសកម្មភាពផ្សេងៗរបស់អាជ្ញាធរ នៅលើទំព័រ Facebook ផ្លូវការនេះ មានការអាក់ខានអស់មួយរយៈ៕
មតិយោបល់