ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Intel បោះទុន $១៥ ពាន់លាន ទិញយក Mobileye ដើម្បីពង្រីកខ្លួនក្នុងទីផ្សារថ្មីនៃថយន្តស្វ័យបើកបរ

បច្ចេកវិទ្យានៅលើពិភពលោកតែងវិវឌ្ឍខ្លួនទៅមុខជានិច្ច ហើយអាចនឹងប្រែប្រួលឥតឈប់ឈរ។ ក្រុមហ៊ុន​ Intel ដែលកំពុងឈានមុខគេក្នុងឧស្សាហកម្មផលិតបន្ទះឈីបកុំព្យូទ័រ បានមើលឃើញភាព​នៅទ្រឹងនៃទីផ្សារបន្ទះឈីបសម្រាប់កុំព្យូទ័រ និងស្មាតហ្វូន បានសម្រេចបោះទុន ១៥.៣ ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធជំនួយបើកបរទំនើបមួយឈ្មោះ Mobileye ដើម្បីបើកផ្លូវរបស់ខ្លួនចូលទៅកាន់ទីផ្សារថ្មីនៃរថយន្តស័្វយប្រវត្តិកម្មដែលកំពុងផុសផុល។

ការសម្រេចជះលុយដ៏ក្រាស់ក្រែលទិញយកក្រុមហ៊ុនបច្ចេកវិទ្យាមានមូលដ្ឋាននៅក្នុងប្រទេសអ៉ីស្រាអ៊ែលនេះ ត្រូវបាន Intel ប្រកាសឡើងនៅថ្ងៃម្សិលមិញ ខណ:ក្រុមហ៊ុនផលិតបន្ទះឈីបនីមួយៗកំពុងឈ្មុសឈ្មុលស្វែងរកទិញក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗដើម្បីបោះជំហានចូលក្នុងទីផ្សារថ្មីៗ។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ Forbes ចុះផ្សាយនៅថ្ងៃច័ន្ទ។

នៅលើទីផ្សារ ចំនួនរថយន្តដែលបានលក់ចេញ គឺពុំមានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ ប៉ុន្តែ ប្រព័ន្ធស្វ័យបើកបរសម្រាប់បំពាក់លើយានយន្តទាំងនោះ គឺកំពុងមានតម្រូវការកើនឡើងយ៉ាងខ្លាំង ខណ:ក្រុមហ៊ុនផលិតរថយន្តនៅជុំវិញពិភពលោក ជ្រើសរើសប្រព័ន្ធដ៏ទំនើបនេះ សម្រាប់បំពាក់លើផលិតផលរថយន្តស៊េរីថ្មីៗរបស់ពួកគេជាបន្តបន្ទាប់។

អ្នកវិភាគទីផ្សារជាន់ខ្ពស់មួយរូបមកពីក្រុមហ៊ុន Bernstein Research លោក Stacy Rasgon បានឱ្យដឹងថា «កិច្ចព្រមព្រៀងនេះ គឺជាតឹកតាងបង្ហាញថា ក្រុមហ៊ុន Intel មួយរយ:ចុងក្រោយ មើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជំរុញកំណើនទីផ្សារបន្ទះឈីប ពុំទទួលបានប្រសិទ្ធផលគ្រប់គ្រាន់ និងបារម្ភពីការធ្លាក់ចុះជាលំដាប់នៃអាជីវកម្មស្នូលដទៃផ្សេងទៀត»។

គួរបញ្ជាក់ថា Intel មិនមែនជាក្រុមហ៊ុនផលិតបន្ទះឈីបដំបូងគេ ដែលហ៊ានចំណាយលុយដ៏ច្រើនមហិមាដើម្បីឈានជើងចូលក្នុងទីផ្សារថ្មីនៃរថយន្តស្វ័យបើកបរនោះទេ។ កាលពីឆ្នាំមុន ក្រុមហ៊ុនផលិតបន្ទះឈីបសម្រាប់ឧបករណ៍ចល័ត Qualcomm បានទិញយកក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច NXP ក្នុងតម្លៃរហូតដល់ទៅ ៤៧ ពាន់លានដុល្លារ ហើយ Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលំដាប់ទី២ ឈរពីក្រោយក្រុមហ៊ុន Intel នោះ ក៏ទើបបានប្រកាសថា ខ្លួនបានបិទបញ្ចប់កិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Harman ដែលជាក្រុមហ៊ុនឯកទេសខាងប្រព័ន្ធសំឡេង និងដែលបានរុញច្រានខ្លួនចូលទៅក្នុងទីផ្សាររថយន្ត ហើយ ក្នុងតម្លៃទឹកប្រាក់ ៨ ពាន់លានដុល្លារ៕

អត្ថបទពាក់ព័ន្ធ: រថយន្តចក្ខុវិស័យអនាគតដ៏ចម្លែកអស្ចារ្យ ៨ ម៉ូឌែល រំលេចរូបរាងក្នុងឆ្នាំ ២០១៧

ប្រភពព័ត៌មាន: forbes, samsung

មតិយោបល់