ព័ត៌មានបច្ចេកវិទ្យា

ជម្រើសកាន់តែច្រើន! iPad ស៊េរីថ្មី នឹងចេញ ៤ ម៉ូឌែល មិនធ្លាប់មាន

កាលពីម្សិលមិញ មាន iPad Pro ចំនួន ៤ ស៊េរី បាននិងកំពុងធ្វើតេស្តនៅឯរដ្ឋ សានហ្រ្វានសីស្កូ ក្នុងទីស្នាក់ការកណ្តាលក្រុមហ៊ុន​ Apple នេះបើតាមការឲ្យដឹងពី ក្រុមហ៊ុនផ្សព្វផ្សាយផលិតផលស្មាតហ្វូន Fiksu ។ ដែលពីមុនមក Apple បញ្ចេញ iPad តែត្រឹមតែ ២ ទៅ ៣ ម៉ូឌែលប៉ុណ្ណោះ ក្នុង ១ ឆ្នាំ។

ដោយឡែកនៅថ្ងៃនេះ មានសេចក្តីរាយការណ៍មួយប្រភពចេញពីប្រទេសក្រិច បានបង្ហើបថា iPad ទាំង ៤ ស៊េរី ដែលក្រុមហ៊ុន Apple នឹងបើកបង្ហាញក្នុងពេលដ៏ខ្លីខាងមុខ មានឈ្មោះថា iPad Pro 2 (៩.៧ អ៊ីង), iPad Pro (១០.៥ អ៊ីញ), iPad Pro 2 (១២.៩ អ៊ីញ) និង iPad Mini Pro។

យោងតាមប្រភពដដែល iPad Pro (១០.៥ អ៊ីញ) នឹងបំពាក់ស៊ុមអេក្រង់ស្តើងជាងមុន ហើយ iPad Pro នេះ និង iPad Pro 2 (១២.៩ អ៊ីញ) នឹងបំពាក់បន្ទះឈីប Apple A10X។ ចំណែកឯ iPad Pro 2 (៩.៧ អ៊ីង) នឹងត្រូវរាយការណ៍មកថា បំពាក់បន្ទះឈីប Apple A9 ដែលធ្លាប់ប្រើនៅលើ iPhone 6s។

គួរបញ្ជាក់ថា iPad ទាំង ៤ ស៊េរី នឹងចេញមកជាមួយជម្រើសពណ៌ចំនួន ៤ គឺ ប្រផេះ ប្រាក់ មាស និង មាសលាយស៊ីជម្ពូ ចំណែកឯទំហំអង្គផ្ទុកទិន្នន័យនឹងមាន ៣ ជម្រើសគឺ 32GB/128GB / 256GB ដូចជំនាន់មុនៗអីចឹងដែរ។

ថ្មីៗនេះ ក្រុមហ៊ុន​ Apple កំពុងមាន iPad Pro ចំនួន ២ ស៊េរីស្រាប់ហើយ ដោយមួយគឺ iPad Pro (១២.៩ អ៊ីញ) និងមួយទៀតគឺ iPad Pro (៩.៧ អ៊ីញ)។ ទាំង ២ ម៉ូឌែលនេះអាចប្រើជាមួយ Apple Pencil និងបំពាក់បន្ទះឈីប A9X។

ខណៈដែលក្តីសង្ឃឹមថា iPad ស៊េរីថ្មី នឹងចេញមកក្នុងសប្តាហ៍ក្រោយ ឥឡូវស្រាប់តែមានការប្រកាសលើកទៅខែក្រោយវិញ៕

ប្រភពព័ត៌មាន៖ phonearena.com

 

មតិយោបល់