ព័ត៌មានបច្ចេកវិទ្យា

ចឹងសោះ! បានជាការសម្ងាត់ iPhone ថ្មីៗ កម្របែកធ្លាយយ៉ាងនេះ!

ក្រុមហ៊ុន Apple តែងចាត់ទុកព័ត៌មានជុំវិញផលិតផលជំនាន់បន្ទាប់របស់ខ្លួនគឺជារឿងអាថ៍កំបាំង ហើយតែងចាត់វិធានការដ៏តឹងរឹងដើម្បីបិទផ្ទប់វាមិនឱ្យបែកធ្លាយ ដរាបណាថ្ងៃប្រកាសចេញជាផ្លូវការមិនទាន់មកដល់​។ ហេតុដូចនេះហើយទើបបានជាព័ត៌មានច្បាស់ការអំពីទូរសព្ទ iPhone ដែលត្រៀមនឹងប្រកាសចេញកម្រនឹងលេចឮចេញក្រៅណាស់ ខុសពីទូរសព្ទលំដាប់កំពូលរបស់ក្រុមហ៊ុន Samsung ឬក្រុមហ៊ុនមួយចំនួ​នផ្សេងទៀត។

«អ្វីៗគ្រប់យ៉ាងដែលកាន់តែលាក់ គឺគេកាន់តែចង់ដឹង»!

ខណៈប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាមេរិកកំពុងព្យាយាមតាមប្រមាញ់ព័ត៌មានពិស្តារបន្ថែមទាក់ទងទៅនឹង iPhone ស៊េរីឆ្នាំ ២០១៧ អតីតបុគ្គលិករោងចក្រផលិត iPhone មួយរូប ដែលបានចំណាយពេល ៦ សប្តាហ៍ ធ្វើការនៅក្នុងរោងចក្រ iPhone មួយកន្លែងឈ្មោះ Pegatron ក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានរៀបរាប់ពីវិធីរក្សាការសម្ងាត់ក្នុងរោងចក្រដែលរូបគេបានធ្វើការនោះថា៖

រាល់បុគ្គលិកកម្មកររោងចក្រទាំងអស់ គឺមិនអាចដាក់កាមេរ៉ាជាប់ខ្លួនពេលកំពុងធ្វើការបានទេ ហើយសូម្បីតែគ្រឿងដែក។ នៅពេលចូលធ្វើការម្តងៗ ម្នាក់ៗត្រូវទុករបស់របរផ្ទាល់ខ្លួនក្នុងទូបន្ទប់ប្តូរសម្លៀកបំពាក់បុគ្គលិក បន្ទាប់មក ត្រូវឆូតកាត់ ស្គេនមុខ និងតម្រង់ជួរឆ្លងកាត់ច្រកទ្វារស្គេនជាតិដែក ហើយមានតែប្រធានគ្រប់គ្រងជាន់ខ្ពស់ប៉ុណ្ណោះដែលមានសិទ្ធិប្រើទូរសព្ទ តែក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីភ្នាក់ងាររបស់ក្រុមហ៊ុន Apple ផងដែរ។ ជាងនេះទៀត កាមេរ៉ាសន្តិសុខ គឺត្រូវបានបំពាក់នៅគ្រប់ខ្សែចង្វាក់ផលិតកម្មនីមួយៗ និងមានបុគ្គ​លិករបស់ក្រុមហ៊ុនបានមកត្រួតពិនិត្យជាប្រចាំ នៅថ្ងៃសំខាន់ៗ។

លោក Dejian Zeng បន្ថែមថា នាពេលចុងក្រោយនេះ ខាងរោងចក្របាន​រឹត​បណ្តឹង និងបង្កើន​សមត្ថភាពស្គេនជាតិលោហៈទ្វេដង សូម្បីតែអាវទ្រនាប់ជាប់ជាតិដែកក៏អាចស្គេនដឹង និងត្រូវតែប្តូរចេញផងដែរ។

និសិត្សបញ្ចប់ការសិក្សាពីសាលា NYU នេះបានប្រាប់ឱ្យដឹងបន្ថែមទៀតថា នៅ​ពេល​កំពុងដំណើរការដំឡើងទូរសព្ទ iPhone 6s រោងចក្រក៏បានរៀបចំផ្លាស់ប្តូរ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនសម្រាប់ដំឡើង iPhone 7 ដែលជាម៉ូឌែលបន្ទាប់នៅពេលនោះ ប៉ុន្តែ វាត្រូវបានបិទបាំងដោយរនាំងវាំងននដ៏ធំ ហើយបុគ្គលិក​រោងចក្រត្រូវផ្លាស់ទៅធ្វើការនៅអគាររោងចក្រតូចមួយរយៈ។ ធ្វើដូច្នេះ បើទោះជាបុគ្គលិកត្រូវបានអនុញ្ញាតឱ្យធ្វើការនៅទីនោះ ក៏មិនអាចមើលឃើញអ្វីទាំងអស់ដែរ។

លោក Zeng ឱ្យដឹងទៀតថា រាល់វគ្គបណ្តុះបណ្តាលម្តងៗ ខាងក្រុមហ៊ុនតែងតែលើកយកករណីចាប់បានអ្នកដែលហ៊ានលួចយក iPhone ចេញពីរោងចក្រ ប្រាប់ទៅដល់បុក្គលិកគ្រប់រូប។ ម្យ៉ាងទៀត រាល់ពេលខាងភ្នាក់ងាររបស់ក្រុមហ៊ុនចុះមកធ្វើការត្រួតពិនិត្យម្តងៗ អ្នកគ្រប់គ្រងតែងតែមានការភ័យបារម្ភ និងហាមមិនឱ្យបុគ្គលិកកម្មករជជែកគ្នា និងអង្គុយធ្វើការឱ្យត្រង់៕

ប្រភពព័ត៌មានៈ businessinsider

មតិយោបល់