ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន HTC នឹងបញ្ចេញកំពូលអ្នកប្រយុទ្ធថ្មី HTC U ប្រជែងជាមួយ Galaxy S8/ S8+ និង​ LG G6

យោងតាម អ្នកទម្លាយព័ត៌មានសម្ងាត់ដ៏ល្បីល្បាញម្នាក់ ឈ្មោះ Evan Blass បានឲ្យដឹងថា ទូរស័ព្ទដៃរបស់ក្រុមហ៊ុន HTC ជំនាន់បន្ទាប់ នឹងមានឈ្មោះថា HTC U ហើយវានឹងក្លាយជាកំពូលអ្នកប្រយុទ្ធត្រកូល U ជំនាន់ទី ៣ បន្ទាប់ពី U Ultra និង HTC U Play ដែលបានបញ្ចេញជាផ្លូវការនាពេលកន្លងទៅថ្មីៗនេះ។

លោក Evan Blass អះអាងបន្ថែមថា HTC U នឹងមានបំពាក់អេក្រង់ទំហំ ៥.៥ អ៊ីញ ប្រើខ្នាតបញ្ចាំងរូបភាព 1440 x 2560 ភិចសែល និងបន្ទះឈីប Snapdragon 835 ដោយភ្ជាប់មកជាមួយផ្ទាំងកម្មវិធីប្រើប្រាស់ពិសេសមួយនៅគែមជំហៀងអេក្រង់ឈ្មោះ Edge Sense ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់អូសវាចេញពីចំហៀងខាងខឆ្វេង ឬខាងស្តាំបានតាមចិត្ត។ លើសពីនេះ វានឹងបំពាក់អង្គញាណកាមេរ៉ារបស់ក្រុមហ៊ុន Sony ស៊េរី IMX362 ទំហំ ១២ មេហ្គាភិចសែល សម្រាប់កាមេរ៉ាមុខ និងស៊េរី IMX351 ទំហំ ១៦ មេហ្គាភិចសែល សម្រាប់កាមេរ៉ាក្រោយ រួមជាមួយអង្គផ្ទុកទិន្នន័យមានពីរជម្រើសគឺ 64 និង 128 ជីហ្គាបៃយ៍ ហើយអាចបន្ថែមអង្គចងចាំខាងក្រៅប្រភេទ MicroSD បានទៀតផង។

លោក Blass បានបន្ថែមថា HTC U នេះ មានឈ្មោះសម្គាល់ ‘Ocean’ ហើយវានឹងបង្ហាញវត្តមាននៅចន្លោះពាក់កណ្តាលខែ ទៅចុងខែមេសា រួចនឹងចេញលក់លើទីផ្សារសាកលនៅដើមខែបន្ទាប់។

ជាមួយលក្ខណ:សម្បត្តិដ៏គួរឱ្យចាប់អារម្មណ៍ទាំងនេះ យើងរង់ចាំមើលទាំងអស់គ្នាថាតើ HTC U អាចប្រជែងជាមួយ Samsung Galaxy S8/ S8+ និង LG G6 បានឬអត់៕

ប្រភព៖ phonearena.com

 

មតិយោបល់