ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Sony បញ្ចេញម៉ាស៊ីនថតទំនើបបំផុតមិនធ្លាប់មានសម្រាប់អ្នកថតរូបអាជីព

ក្រុមហ៊ុន Sony ទើបបានប្រកាសចេញនូវម៉ាស៊ីនថតប្រភេទ Full-frame ដែលទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនសម្រាប់អ្នកថតរូបអាជីពមានឈ្មោះថា A9។

កាមេរ៉ាអាជីព Sony A9 ម៉ូឌែលថ្មីនេះ ត្រូវបានរចនាឡើងដើម្បីបង្កើនការប្រកួតប្រជែងជាមួយក្រុមហ៊ុន Nikon និង Canon ជាមួយការបំពាក់អង្គញាណកាមេរ៉ា CMOS ប្រភេទ Full-frame ទំហំ ២៤.២ មេហ្គាភិចសែល មានសមត្ថភាពអាចថតរូបក្នុងល្បឿនដ៏អស្ចារ្យ និងអាចថតផ្ចង់លើរូបភាពបានរហូតដល់ ៦៩៣ ចំណុច។

មិនតែប៉ុណ្ណោះ A9 ក៏អាចថតវីដេអូក្នុងគុណភាពកម្រិត 4K អមដោយបច្ចេកវិទ្យាទប់លំនឹង 5-axis មានរន្ធស៊កមេម៉ូរីកាតមួយគូ និងរន្ធ ethernet មួយផងដែរ ហើយវានឹងចេញលក់នៅទីផ្សារសហរដ្ឋអាមេរិក ថ្ងៃទី ២៥ ឧសភា ជាមួយតម្លៃ ៤,៥០០ ដុល្លារ។

ជាមួយសមត្ថភាពផ្តិតយករូបភាពជាប់រដឹកក្នុងល្បឿន ២០ ប៉ុស្តិ៍/វិនាទីនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ជប៉ុនសង្ឃឹមថា វានឹងក្លាយជាជម្រើសល្អបំផុតសម្រាប់អ្នកថតរូបអាជីពក្នុងវិស័យកីឡា និងការថតសកម្មភាព ឬវត្ថុដែលមានចលនាបម្លាស់ទីលឿន។

អ្វីដែលគួរឱ្យទាក់ទាញជាងនេះនោះគឺ សមត្ថភាពចុចថតរូបជាប់បន្តគ្នានេះ គឺអាចចុចថតជាប់រហូតបានដល់ ២៤១ ប៉ុស្តិ៍ សម្រាប់ការជ្រើសរើសឯកសាររូបថតប្រភេទ RAW និង ៣៦២ ប៉ុស្តិ៍ សម្រាប់ប្រភេទ JPEG ធម្មតា៕

ប្រភពព័ត៌មាន: theverge

មតិយោបល់