ព័ត៌មានបច្ចេកវិទ្យា

Huawei P10 និង P10 Plus បានសាកបានដឹង! អធិរាជស្មាតហ្វូនកាមេរ៉ាភ្លោះ

ភ្នំពេញ៖ ក្រុមហ៊ុន Huawei ដែលកំពុងគ្រោងចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក លើប្រាក់ចំណេញ ពីប្រព័ន្ធប្រតិបត្តិការ Android Smartphone បានដាក់បង្ហាញសាកល្បងដំបូងបង្អស់នូវស្មាតហ្វូនស៊េរីថ្មីបំផុត គឺ Huawei P10 & P10 Plus ក្នុងចំណោមមិត្តអ្នកសារព័ត៌មានកម្ពុជា ថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០១៧ នៅហាងនំបុ័ង Tous les Jours សាខាផ្លូវព្រះសីហនុ។

ភាពលេចធ្លោនៃ អធិរាជស្មាតហ្វូនកាម៉េរ៉ាភ្លោះ Huawei P10 & P10 Plus បានធ្វើឲ្យមិត្តអ្នកសារព័ត៌មានស្ទើរគ្រប់គ្នាមានការភ្ញាក់ផ្អើល និងលាន់មាត់សរសើរមិនដាច់ពីមាត់ ពីសមត្ថភាពដ៏អស្ចារ្យរបស់ស្មាតហ្វូន Huawei ក្នុងឆ្នាំ ២០១៧ នេះ។
Huawei P10 និង P10 Plus គឺជាកំពូលស្មាតហ្វូនដើមឆ្នាំ 2017 របស់ក្រុមហ៊ុន Huawei ដែលត្រូវបានដាក់បង្ហាញជាផ្លូវការ នៅក្នុងកម្មវិធីពិព័រណ៌ទូរសព្ទពិភពលោកឆ្នាំ ២០១៧ (MWC) និងទទួលបាន ២៣ ពាន់រង្វាន់ថែមទៀត។ រចនាបថនៃរូបរាងទាំងមូលរបស់ Huawei P10 & P10 Plus គឺកាន់តែស្ដើងជាងមុនម៉ូឌែលមុន និងមានសន្ទះខាងក្រោយស្រោបដោយលោហ:ធាតុ។

– អេក្រង់:អេក្រង់របស់ Huawei P10 និង P10 Plus គឺមានទំហំខុសគ្នាច្រើន ដោយមួយរៀងធំ និងទៀតរាងតូច។ សម្រាប់អេក្រង់ Huawei P10 ប្រើប្រាស់កញ្ចក់ 2.5D Curved Gorilla Glass 5 មានទំហំ ៥.១ អ៊ីញ អាចបង្ហាញខ្នាតរូបភាពកម្រិតត្រឹម Full HD 1080P ប៉ុន្តែ Huawei P10 Plus វិញអាចបង្ហាញខ្នាតរូបភាពកម្រិត Quad HD ដែលគឺជាកម្រិតរូបភាពប៉ុន 2K ប្រើលើអេក្រង់ទំហំ ៥.៥ អ៊ីញ។

២- កម្លាំងម៉ាស៊ីន:ទាំង P10 និង P10 Plus ប្រើប្រាស់បន្ទះឈីប Kirin 960 ជំនាន់ថ្មី ដែលវាអាចដំណើរការបានកាន់តែខ្លាំង និងស៊ីថ្មតិច ហើយក៏អាច ប្រកួតប្រជែងជាមួយបន្ទះឈីបលំដាប់កំពូលរបស់ក្រុមហ៊ុនដទៃផងដែរ។ រីឯ RAM និង ROM វិញនោះ ទាំង Huawei P10 និង P10 Plus គឺមានទំហំ 4GB/64ROM ដូចគ្នា​ គឺគ្រប់គ្រាន់ក្នុងការបើកកម្មវិធីច្រើនបានយ៉ាងរលូន និងមិនងាយទាក់។

៣- សមត្ថភាពកាមេរ៉ា:Huawei P10 & P10 Plus បំពាក់ដោយបច្ចេកវិទ្យាកាមេរ៉ា Leica មុខក្រោយ
• កាមេរ៉ាខាងមុខទំហំ ៨ មេហ្គាភិចសែល Aperture មានកម្រិត f/1.9 អាចថតបានវែង ផ្តិតពណ៌ និងពន្លឺបានល្អខ្លាំង
• កាមេរ៉ាភ្លោះ ២ គ្រាប់ ដោយ មួយគ្រាប់ទំហំ ១២ មេហ្គាភិចសែល និងមួយគ្រាប់ទៀត ២០ ភិចសែល monochrome
• មានបច្ចេកវិទ្យា OIS និងកម្រិត Aperture ខ្ពស់សម្រាប់កាមេរ៉ាទាំងពីរ គ្រាប់គឺដូចគ្នា និងមាន Aperture កម្រិត f/2.2
• មានមុខងារ Portrait Mode ដែលអាចដំណើរការបានល្អជាង
• អាចថតវីឌីអូបានដល់កម្រិត 4K

៤- ប្រព័ន្ធប្រតិបត្តិការ:Huawei P10 និង P10 Plus ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Nougat ជំនាន់ 7.0 ចេញពីប្រអប់ ផ្ទាល់តែម្ដង ស្រោបឡើង ដោយ Emotion UI 5.1 ថ្មី ដែលមាន ភាពសាមញ្ញ តែបង្កប់ដោយមុខងារច្រើន និងអាចដំណើរការ បានលឿន មិនស្ទក់ និងមិនស៊ី រ៉េមច្រើន នោះទេ។

៥- កម្លាំងថ្ម:កាន់តែប្រសើរជាងមុន Huawei P10 និង P10 Plus បានបង្កើនសមត្ថភាពនៃកម្លាំងថ្មរបស់ខ្លួន ដោយ P10 មានថាមពល 3200mAh ឯ P10 Plus មាន 3750mAh ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរីករាយជាមួយនឹងការប្រើប្រាស់ទូរស័ព្ទបានយូរ ហើយសាកថ្មក៏ឆាប់ពេញ ជាមួយនឹងបច្ចេកវិទ្យា SuperCharge របស់ Huawei។

សូមបញ្ជាក់ថា Huawei P10 និង P10 Plus នឹងមានវត្តមានជាផ្លូវការនៅកម្ពុជា ឆាប់ៗខាងមុខនេះ ជាមួយជម្រើសច្រើនពណ៌ ខណ:ដែលនៅប្រទេសចិនទទួលបានការគាំទ្រខ្លាំងរហូតអាចធ្វើឲ្យ Huawei រកចំណូលបានជាង ១៤.៥ លានដុល្លារគ្រាន់តែចេញលក់បាន ១ នាទី។

ក្រុមការងារ Post Tech ក៏បានធ្វើតេស្តដោយត្រួសៗអំពីសមត្ថភាពកាមេរ៉ា និងល្បឿនដំណើរការរបស់វាផងដែរ ហើយប្រិយមិត្តអាចទស្សនាបានតាមវីដេអូបង្ហាញខាងក្រោម៖

 

 

 

 

 

មតិយោបល់