Post News Media ព័ត៌មានបច្ចេកវិទ្យា Apple អាចនឹងច...

Apple អាចនឹងចេញត្រឹម iPhone 7s/ 7s Plus ដោយសារ iPhone 8 ជួបបញ្ហាបច្ចេកទេស

ខណ:ពិភពលោកកំពុងទន្ទឹងរងចាំយ៉ាងអន្ទះសាចំពោះវត្តមានរបស់ទូរសព្ទដៃ iPhone ជំនាន់បន្ទាប់ ដែលត្រូវគេជឿថា ជា iPhone 8 នោះ ស្រាប់តែមានព័ត៌មានចចាម​អារ៉ាម​ថ្មីមួយ បែកធ្លាយចេញពីសារព័ត៌មាន Economic Daily News ចេញផ្សាយជាភាសាចិន និងត្រូវបានគេហទំព័រ DigiTimes យកមកចុះផ្សាយ បានអះអាងថា ក្រុមហ៊ុន Apple អាចនឹង​ត្រូវពន្យាពេលចេញ iPhone 8 ដោយសារបញ្ហាបច្ចេកទេសសំខាន់ៗពីរ។

ប្រភពព័ត៌មានដដែលបានឱ្យដឹងបន្ថែមថា បញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនបច្ចេក​វិទ្យា​យក្សអាមេរិក អាចនឹងធ្វើការពន្យាពេលកាលបរិច្ឆេទប្រកាសចេញ​ iPhone 8 ពីខែ កញ្ញា ដល់​ខែ តុលា ឬវិច្ឆិកា នោះ គឺពាក់ព័ន្ធទៅនឹងបច្ចេកទេសក្នុងការច្របាច់បញ្ចូលគ្នានៃស្រទាប់អេក្រង់ OLED និងដំណើរការដាច់ដោយឡែកពីគ្នារបស់ប្រព័ន្ធចាប់សញ្ញា​ជាទម្រង់ 3D។

ដោយឡែក បើតាមប្រភពព័តមានពី Macrumors បានធ្វើការប៉ាន់ប្រមាណថា ដោយសារតែ Apple មិនអាចបញ្ចេញ iPhone 8 ទាន់ពេលវេលាកំណត់ ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែកញ្ញា ក្រុមហ៊ុនអាចនឹងបន្តបញ្ចេញត្រឹមតែ iPhone 7s និង 7s Plus ជំនួសតាមទម្លាប់ដដែលវិញ។

គួររំឭកថា ក្រុមហ៊ុន Apple តែងដំឡើងលេខលំដាប់ស៊េរីទូរសព្ទ iPhone ក្នុង​រយ:ពេលពីរឆ្នាំម្តងៗ ពោលគឺ iPhone 4 -> iPhone 4s, iPhone 5 -> iPhone 5s, iPhone 6 -> iPhone 6s ជាដើម។ ប៉ុន្តែ ក្នុងឆ្នាំ ២០១៧ នេះ ក្រុមហ៊ុន ត្រូវគេជឿថា នឹងរំលង iPhone 7s ដោយផ្លោះចូល iPhone 8 តែម្តង ដោយមូលហេតុ ដើម្បីអបអរខួបគម្រប ១០ ឆ្នាំ នៃការបង្កើតទូរសព្ទ iPhone។ ការរំលងលេខលំដាប់នេះដែរ ត្រូវបានគេរាយការណ៍មកថា ក្រុមហ៊ុនក៏នឹងបង្កើនសមត្ថភាព និងរចនាបទទូរសព្ទជំនាន់បន្ទាប់នេះ ខុសប្លែកគ្នាទាំងស្រុងពី iPhone ជំនាន់បច្ចុប្បន្នផងដែរ។

ទោះយ៉ាងណា ទាំងនេះគឺសុទ្ធសឹងមិនមែនជាព័ត៌មានផ្លូវការនោះទេ។ អ្វីគ្រប់យ៉ាងសុទ្ធតែអាចនឹងប្រែប្រួល ដូច្នេះ សូមប្រិយមិត្តតាមដានជាមួយ Post Tech ទាំងអស់គ្នា៕

ប្រភពព័ត៌មាន: mashable