ព័ត៌មានបច្ចេកវិទ្យា

ចប់ហើយ! អ្នកចូលចិត្តចែកបន្តរូបស៊ិច ពេលនេះ Facebook ចេញវិធានការក្តៅហើយ!

នេះជាដំណឹងដ៏ល្អមួយសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមជាស្រី្តៗ តែក៏ជាដំណឹងដ៏អាក្រក់មួយផងដែរសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តបង្ហោះ ឬចែកបន្តរូបភាពអាសអាភាសនៅលើ Facebook ដោយនៅថ្ងៃពុធម្សិលមិញនេះ ក្រុមហ៊ុនបណ្តាញសង្គមយក្ស បានប្រកាសដាក់ចេញនូវប្រព័ន្ធទិន្នន័យមូលដ្ឋានមួយដើម្បីទប់ស្កាត់ការចែកបន្តរូបភាពអាសអាភាស នៅលើបណ្តាញសង្គមរបស់ខ្លួន។

យោងតាមគេហទំព័រ businessinsider ក្រុមហ៊ុន Facebook បានថ្លែងនៅថ្ងៃ​ពុធ​ ថា កំពុងដាក់ចេញនូវឧបករណ៍ថ្មីៗបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់​អ្នកប្រើប្រាស់រាយការណ៍អំពីអ្វីដែលហៅថា “revenge porn” ឬ “ស៊ិចសងសឹក” និងដើម្បីទប់ស្កាត់ដោយស្វ័យប្រវត្តិនូវការចែកបន្តរូបភាព នៅពេលដែលវាត្រូវបានបិទផ្ទប់ ឬហាមឃាត់។

“Revenge Porn” នេះ ត្រូវបានក្រុមហ៊ុននិយាយសម្តៅក្តោបទៅលើការចែកបន្តរូបភាពដែលមានលក្ខណ:បំពារពំពានផ្លូវភេទ នៅលើបណ្តាញអិុនធើណែត ដោយគ្មានការយល់ព្រមពីមនុស្សដែលនៅក្នុងរូបភាព ក្នុងគោលបំណងដើម្បីជម្រិត ឬធ្វើឱ្យខូចកិត្តិយសពួកគេ ជាដើម។

គួរបញ្ជាក់ថា ការដាក់ចេញនូវវិធានការថ្មីនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺ Facebook បាននិងកំពុងរងនូវបណ្តឹងផ្លូវច្បាប់ទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅទីកន្លែងផ្សេងទៀត ពាក់ព័ន្ធទៅនឹងសកម្មភាពចែកបន្តរូបភាពអនាចារដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់ស្រ្តី ហើយក្រុមហ៊ុនក៏ត្រូវរងនូវការរិះគនចំពោះភាពព្រងើយកន្តើយរបស់ខ្លួនជាច្រើនទៀតដែរ។

តាមរយ:វិធានការថ្មីនេះ អ្នកប្រើប្រាស់បណ្តាញសង្គមធំបំផុតរបស់ពិភពលោក អាចនឹងឃើញជម្រើសថ្មីមួយសម្រាប់រាយការណ៍ចំពោះរូបភាពណាដែលខ្លួនមានការធ្នើសចិត្តជាពិសេស ពិព្រោះតែវាជារូបភាពដែលបង្ហាញពី “nude photo of me” ឬប្រែថា “រូបថតអាក្រាតកាយរបស់ខ្ញុំ” ។ នេះបើយោងតាមសេចក្តីថ្លែងការមួយរបស់ក្រុមហ៊ុន៕

ប្រភពព័ត៌មាន: ​businessinsider

មតិយោបល់