Post News Media ព័ត៌មានបច្ចេកវិទ្យា ស្ងាត់ៗ Huawe...

ស្ងាត់ៗ Huawei ចេញ Y5 ស៊េរីឆ្នាំ ២០១៧ បំពាក់ Flash មុខ និងថ្ម ៣,០០០mAh

ក្រោយពីការប្រកាសចេញស្មាតហ្វូកាមេរ៉ាភ្លោះស៊េរី P10 កាលពីខែមុន ក្រុមហ៊ុន Huawei ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតទូរសព្ទតម្លៃធូរថ្លៃមួយរបស់ពិភពលោក បានបើកបង្ហាញស្មាតហ្វូនលំដាប់ទាបត្រកូល Y ស៊េរីឆ្នាំ ២០១៧ ដោយស្ងាត់ៗ ជាមួយជម្រើស ៥ ពណ៌: ខៀវ មាស ផ្កាឈូក ស និងប្រផេះ។

Huawei Y5 2017 នេះ គឺជាប្រភេទទូរសព្ទស៊ីមពីរ អាចគាំទ្របណ្តាញ 4G LTE ហើយត្រូវបានបំពាក់ប្រព័ន្ធ Android 6.0 និងផ្ទាំងកម្មវិធីប្រើប្រាស់ EMUI 4.1 ជាប់មករួចជាស្រេចក្នុងប្រអប់តែម្តង។ ទូរសព្ទស៊េរីតម្លៃទាបម៉ូឌែលថ្មីនេះ ប្រើប្រាស់អេក្រង់ HD ទំហំ ៥ អ៊ីញ អង្គប្រតិបត្តិជំនាន់ quad-core ល្បឿន ១.៤ ជីហ្គាហឺត RAM ទំហំ ២ ជីហ្គាបៃយ៍ អង្គចងចាំជាប់ម៉ាស៊ីនទំហំ ១៦ ជីហ្គាបៃយ៍ និងអាចដាក់អង្គចងចាំប្រភេទ microSD បន្ថែមដល់ ១២៨ ជីហ្គាបៃយ៍។

បន្ថែមពីលើនេះ កាមេរ៉ាក្រោយរបស់វា គឺមានទំហំ ៨ មេហ្គាភិចសែល មានពិលបាញ់ពន្លឺជំនួយមួយគូ និងភ្នែកកាមេរ៉ាទំហំ f/2.0 ចំណែកកាមេរ៉ាមុខ មានទំហំ ៥ មេហ្គាភិចសែល អាចចាប់យករូបភាពក្នុងមុំ ៨៤ ដឺក្រេ អមដោយពិលបាញ់ពន្លឺជំនួយមួយ ហើយវាមានភ្ជាប់មកជាមួយថ្មដែលមានថាមពល ៣,០០០mAh។

ដោយឡែក សម្រាប់តម្លៃវិញ គឺមិនទាន់ត្រូវបានទម្លាយឱ្យដឹងនៅឡើយទេ គិតមកទល់ថ្ងៃចេញផ្សាយព័ត៌មាននេះ៕

ប្រភពព័ត៌មាន: gadgets.ndtv

Loading...