ថ្មីៗនេះ កំហុសឆ្គងថ្មីដ៏ធំមួយត្រូវបានគេរកឃើញនៅលើប្រព័ន្ធ iOS 11.2.5 ដោយកម្មវិធីផ្ញើសារនៅលើ iPhone និង iPad ទាំងមានសម្រាប់ និងបញ្ចូលបន្ថែម សុទ្ធតែមិនអាចអានសារជាភាសា Telugu ដែលមានអ្នកប្រើជាង ៧២ លាននាក់នៅឥណ្ឌា និងធ្វើឱ្យវាគាំងបើកលែងចេញ។
ប៉ុន្មានថ្ងៃក្រោយមក ក្រុមហ៊ុន Apple បានប្រកាសថា កំហុសឆ្គងនេះ ត្រូវបានកែរួចរាល់ហើយនៅលើប្រព័ន្ធ iOS 11.3 ជំនាន់សាកល្បង។ យោងតាម iMore ក្រុមហ៊ុនក៏នឹងបញ្ចេញកំណែមួយទៅក្នុង iOS 11.2.5 ជំនាន់ចុងក្រោយនាពេលបច្ចុប្បន្នផងដែរ ដើម្បីដោះស្រាយការជាប់គាំងនោះឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងការរង់ចាំកំណែថ្មីនោះមកដល់ លោកអ្នកដែលជួបប្រទះបញ្ហាខាងលើអាចប្រើគន្លឹះខាងក្រោមដើម្បីជួសជុលវាដោយខ្លួនឯងបាន ដោយគ្រាន់តែត្រូវការជំនួយពីមិត្តភក្តិបន្តិចប៉ុណ្ណោះ៖
១- ពឹងឱ្យមិត្តណាម្នាក់ផ្ញើសារ SMS មកកាន់ទូរសព្ទ iPhone ឬ iPad របស់លោកអ្នក
២- ចុចបើកសារដំណឹងលើផ្ទាំង Notification ដែលបានលោតឡើង រួចចុចលើប៊ូតុងត្រឡប់ (<)
៣- លុបសារដែលមានភ្ជាប់មកជាមួយតួអក្សរនៃភាសា Telugu ក្នុងកម្មវិធីសារ Messages លើទូរសព្ទលោកអ្នក នោះជាការស្រេច។
៤- ប្រសិនបើបញ្ហានេះកើតមានលើកម្មវិធីសារដូចជា WhatsApp, Facebook Messenger, ឬកម្មវិធីដំឡើងបន្ថែមណាមួយ លោកអ្នកគ្រាន់តែលុបកម្មវិធីនោះចោល ហើយបញ្ចូលថ្មីឡើងវិញជាការស្រេច៕

មតិយោបល់