បន្ទាប់ពីការពន្យារពេលអស់ប៉ុន្មានខែមក នាយកដ្ឋានប៉ូលីសប្រចាំក្រុងញូវយ៉ក បានចេញសំណើរ បំពាក់កាមេរ៉ាជាប់ខ្លួនកម្លាំងសមត្ថកិច្ចគ្រប់រូបនៅក្នុងតំបន់។ ខណៈដែលតុលាការបានសម្រេចអនុម័តរួច ក្រុមមន្រ្តីសមត្ថកិច្ចទាំងអស់នឹងត្រូវបានណែនាំពីរបៀបប្រើប្រាស់កាមេរ៉ា។
គោលនយោបាយនេះបានបញ្ជាថា គ្រប់កាមេរ៉ាទាំងអស់ នឹងត្រូវបើកឲ្យប្រើប្រាស់ អំឡុងពេល «អនុវត្តការងារ និងការស៊ើបអង្កេត» ហើយមន្រ្តីសមត្ថកិច្ច ត្រូវតែផ្តល់ជូនដំណឹង អំពីមូលហេតុនៃការថតវីដេអូនីមួយៗ។ ច្បាប់ដដែលនេះ ក៏បានកំណត់ថា កាមេរ៉ានឹងត្រូវបិទមិនឲ្យប្រើខណៈការប្រជុំផ្ទៃក្នុង និងបទល្មើសផ្លូវភេទ។ មន្ត្រីសមត្ថកិច្ចប្រចាំក្រុងចំនួន ១,២០០ នាក់ នឹងត្រូវបានបំពាក់ម៉ាស៊ីនថតជាប់ខ្លួន នៅចុងខែនេះ ដោយយោងតាមកាសែត The Associated Press ខណៈសមត្ថកិច្ចសេសសល់ផ្សេងទៀត ត្រូវបានគេរំពឹងថានឹងមានតាមក្រោយ នាចុងឆ្នាំ ២០១៩។
មន្ត្រីសមត្ថកិច្ចដែលនឹងត្រូវបានបំពាក់ម៉ាស៊ីនថត នឹងទទួលបានការបណ្តុះបណ្តាលរយៈពេលមួយថ្ងៃ អំពីរបៀបធ្វើប្រតិបត្តិការជាមួយកាមេរ៉ា ហើយនឹងអាច បើកមើលវីដេអូថតរបស់ខ្លួន និងមិត្តរួមការងារដទៃទៀតបានផងដែរ អំឡុងពេលអនុវត្តកិច្ចការងាររដ្ឋ។ ចំពោះវីដេអូថត នឹងត្រូវបានរក្សាទុករហូតដល់ទៅមួយឆ្នាំ បើទោះបីជា វីដេអូមួយចំនួន អាចនឹងត្រូវរក្សាទុកបានយូរជាងនេះ ទៅតាមករណីរបស់ពួកវា។
គោលនយោបាយថ្មីនេះ ត្រូវបានរិះគន់ដោយក្រុមតស៊ូមតិមួយចំនួន ជាអាថ៌ដូចជា សហជីពសេរីស៊ីវិល ដែលជាអ្នកទាមទារសិទ្ធសេរីភាព នៅទីក្រុងញូវយ៉ក។ ស្របពេលដដែលនេះ ប្រធានក្រុមតំណាងឱ្យសហជីព នឹងឡើងទៅដល់តុលាការដើម្បីទាមទារបញ្ឈប់ច្បាប់បំពាក់កាមេរ៉ាជាប់ខ្លួនសមត្ថកិច្ច ដោយបានលើកឡើងថា ពួកគេមិនត្រូវបានទទួលការពិគ្រោះយោបល់ស្តីពីគោលនយោបាយថ្មីមួយនេះឡើយ៕
ប្រភពព័ត៌មានៈ theverge.com
មតិយោបល់