ព័ត៌មានបច្ចេកវិទ្យា

អាមេរិកនឹងមានខ្សែរថ Hyperloop អាចដឹកអ្នកដំណើរពីញូយ៉ក ទៅវ៉ាស៊ីនតោន ប្រើពេលត្រឹម ២០ នាទី

ប្រជាជនអាមេរិក នាពេលឆាប់ៗខាងមុខ នឹងអាចធ្វើដំណើរពីទីក្រុង ញូយ៉ក ទៅទីក្រុង វ៉ាស៊ីនតោន ដោយចំណាយពេលត្រឹមតែ ២០ នាទី ប៉ុណ្ណោះ គឺតាមរយៈបំពង់ខ្សែរថភ្លើងល្បឿនលឿនថ្មីមួយហៅថា Hyperloop ដែលគ្រោងនឹងសាងសង់ឱ្យរួចរាល់មុនឆ្នាំ ២០២០។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ Fortune ចុះផ្សាយអាទិត្យម្សិលមិញ។

ខ្សែរថសម្រាប់ថ្ងៃអនាគតនេះ គឺជាគ្រោងការរបស់ក្រុមហ៊ុន Hyperloop One ដែលបានប្រកាសឡើងក្នុងព្រឹត្តិការណ៍មួយ នាទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ដោយថា វានឹងអាចដឹកជញ្ជូនអ្នកដំណើរទៅមកពីទីក្រុងញូយ៉ក និងវ៉ាស៊ីនតោន ដោយចំណាយពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ ពោលគឺ រហ័សជាងឆ្ងាយពីខ្សែរថភ្លើងបច្ចុប្បន្ន ដែលត្រូវប្រើពេលរហូតដល់ទៅជាង ៣ ម៉ោង។

ក្រុមហ៊ុនបានថ្លែងបន្ថែមថា ពួកគេចង់តភ្ជាប់ពលរដ្ឋអាមេរិក ៨០% តាមរយៈបំពង់រថល្បឿនលឿនប្រើប្រាស់បច្ចេកវិទ្យាអេឡិចត្រូម៉ាញេទិច ហើយពលរដ្ឋអាមេរិក ៨៣ លាននាក់ នឹងទទួលបានប្រយោជន៍ពីធម្យោបាយដឹកជញ្ជូនថ្មីនេះ។

ក្រុមនាយកមកពី Hyperloop One ក៏បាននិយាយដែរថា ពួកគេចង់ផ្តល់មធ្យោបាយធ្វើដំណើរឆ្លងប្រទេសផ្សេងៗ ដែលអនុញ្ញាតឱ្យមនុស្សអាចត្រាចចរទៅទីកន្លែងណាក៏បានក្នុងទឹកដីសហរដ្ឋអាមេរិក ដោយប្រើពេលក្មិនលើសពី ៥ ម៉ោង។ ក្រុមហ៊ុនកំពុងធ្វើការលើបំពង់រថល្បឿនលឿននេះ ដើម្បីអាចចល័តយានដឹកទំនិញពីតំបន់ East Coast ទាំងពីរ ឱ្យបានមុនឆ្នាំ ២០២០ ហើយអ្នកដំណើរប្រហែលជាអាចនឹងប្រើប្រាស់មធ្យោបាយធ្វើដំណើរល្បឿន ៧០០ ម៉ៃយ៍/ម៉ោង ឬស្មើនឹង ១១២៦ គីឡូម៉ែត្រ/ម៉ោង នេះ នៅឆ្នាំបន្ទាប់។

លោក Gabe Klein អតីតប្រធាននាយកដ្ឋានដឹកជញ្ជូនរដ្ឋវ៉ាស៊ីនតោន D.C បាននិយាយថា «ខ្ញុំគិតថា វានឹងក្លាយជាការពិត»។ «យើងកំពុងឋិតនៅក្នុងការផ្លាស់ប្តូរដ៏ធំមហាសាល ក្នុងវិស័យដឹកជញ្ជូនផ្លូវគោកចម្ងាយផ្លូវឆ្ងាយ»៕

ប្រភពព័ត៌មានៈ cosmopolitan

មតិយោបល់