ព័ត៌មានបច្ចេកវិទ្យា

ខ្លាំងបាត់! Android O ចេញ ៧ ចំណុចថ្មីនេះ iOS សុំចាញ់

Android គឺជាប្រព័ន្ធប្រតិបត្តិការចល័តរបស់ Google និងជាគូប្រជែងតែមួយគត់របស់ប្រព័ន្ធ iOS របស់ Apple។ នៅប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Google ទើបបានប្រកាសចេញជំនាន់ថ្មីរបស់វា មានឈ្មោះថា Android O សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធី ដោយវាត្រូវបានបន្ថែមនូវលក្ខណ:សម្បត្តិ និងសមត្ថភាពថ្មីៗជាច្រើន។ ក្នុងនោះ Post Tech សូមស្រង់យកលក្ខណ:សម្បត្តិខ្លាំងៗបំផុតរបស់វាចំនួន ៧ ដែលគ្មានឡើយនៅលើប្រព័ន្ធ iOS មកបង្ហាញជូនប្រិយមិត្តបានជ្រាបដូចខាងក្រោម៖

១- ស៊ីថាមពលថ្មកាន់តែតិច

ដូចដែលក្រុមហ៊ុន Google តែងតែប្តេជ្ញាចិត្តកន្លងមក ថានឹងអភិវឌ្ឍប្រព័ន្ធចល័តរបស់ខ្លួនឱ្យស៊ីថាមពលថ្មកាន់តែតិច ដើម្បីជួយបង្កើនរយ:ពេលប្រើប្រាស់បានកាន់តែយូរ។ ម្លោះហើយ Android O គឺជាសមិទ្ធផលកើតចេញពីការប្តេជ្ញាចិត្តនេះ ដោយវានឹងក្រិតសកម្មភាពកម្មវិធីដែលរត់នៅ Background របស់ទូរសព្ទ ឬដែលមិនកំពុងត្រូវបានប្រើប្រាស់ ដោយស្វ័យប្រវត្តិ នាំឱ្យការប្រើប្រាស់ថាមពលថ្មកាន់តែមានប្រសិទ្ធភាព។

– ផ្ទាំងផ្តល់ដំណឹងថ្មីៗ កាន់តែមានរបៀបរៀបរយ

រាល់ដំណឹងលោតមកថ្មីៗ ត្រូវបានដាក់តម្រៀបតាម Channel ផ្សេងគ្នា ជាជាងដាក់តាមកម្មវិធី ដើម្បីងាយស្រួលគ្រប់គ្រង និងឆែកមើល។ ឧទាហរណ៍ វាប្រមូលដំណឹង ឬសារទាំងអស់ដែលទទួលបានពីអ្នកប្រើប្រាស់ម្នាក់ និងមកពីកម្មវិធី Chat តែមួយ ឱ្យឋិតនៅក្នុងក្រុម ឬ Channel តែមួយ ដែលនេះ ជួយឱ្យផ្ទាំងកម្មវិធី Notification មើលទៅកាន់តែសាមញ្ញ និងមានសណ្តាប់ធ្នាប់ល្អ។

– បន្ថែមមុខងារ Picture-in-Picture

ជាមួយមុខងារ PiP (Picture-in-Picture) របស់ Android O លោកអ្នកអាចមើលវីដេអូ ខណ:ពេលកំពុងឋិតនៅលើកម្មវិធីមួយផ្សេងទៀត និងអាចភ្ជាប់ទៅកាន់អេក្រង់កុំព្យូទ័រច្រើន តាមមុខងារ Overlay Window ដើម្បីបញ្ជាបើកកម្មវិធីណាមួយដែលគាំទ្រមុខងារ Multi-display នៅលើផ្ទាំងអេក្រង់ខុសៗគ្នាពីចម្ងាយបាន។

– រូបតាងកម្មវិធីអាចផ្លាស់ប្តូរទ្រង់ទ្រាយបាន

រូបតាងកម្មវិធីនៅលើប្រព័ន្ធ Android ជំនាន់ទី ៨ នេះ ក៏អាចសម្របខ្លួន និងផ្លាស់ប្តូរទ្រង់ទ្រាយតាមកម្មវិធី Theme ខុសៗគ្នារបស់ទូរសព្ទ និងអាចមានចលនារស់រវើកនៅពេលដែលយកដៃទៅប៉ះវាផផងដែរ។

– បញ្ចូនសំឡេងតាមប្រព័ន្ធឥតខ្សែកាន់តែប្រសើរ

លោកអ្នកអាចរីករាយជាមួយសំឡេងតន្រ្តីកាន់តែពិរោះរណ្តំចិត្ត តាមរយ:កាសស្តាប់ត្រចៀកឥតខ្សែជាមួយប្រព័ន្ធ Android O នេះ ព្រោះវាបានភ្ជាប់មកជាមួយបច្ចេកវិទ្យាសំឡេង API ប្រើប្រាស់ LDAC codec ផ្តល់ដោយក្រុមហ៊ុន Sony ដែលអាចជួយបង្កើនគុណភាពសំឡេងឱ្យកាន់តែខ្ពស់ នៅពេលបញ្ចូនចេញពីទូរសព្ទចូលទៅកាស ឬឧបករណ៍បំពងសំឡេងឥតខ្សែ។ ពោលគឺ វាជួយឱ្យសំឡេងកាន់តែច្បាស់ និងណែនល្អ ហើយគ្មានភាពរអាក់រអួល។

– គាំទ្រគុណភាពពណ៌អេក្រង់ខ្នាត WCG

អេក្រង់របស់ទូរសព្ទពីមួយជំនាន់ទៅមួយជំនាន់គឺកាន់តែមានភាពល្អឡើងៗ ប៉ុន្តែ អេក្រង់ទាំងនោះ អាចបញ្ចាំងរូបភាពត្រឹមតែជាមួយពណ៌កម្រិត WRC (Wide Range Color) ប៉ុណ្ណោះ ខុសពីប្រព័ន្ធ Android O ដែលវាអាចជួយឱ្យអេក្រង់អាចផលិតពណ៌កម្រិត WCG (Wide Color Gamut) បាន។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រកម្មវិធីនានាអាចបញ្ចាំងពណ៌រូបភាពកាន់តែច្បាស់ សម្រាប់ការរចនាដែលកាន់តែទាក់ទាញបាន។ ពោលគឺ រូបភាព-វីដេអូ នឹងមើលទៅកាន់តែប្រណិតជាមួយអេក្រង់ដែលគាំទ្រពណ៌កម្រិត WCG។

– បន្ថែមមុខងារ Keyboard Navigation

Android O មានបន្ថែមមុខងារ Keyboard Navigation សម្រាប់គាំទ្រលើមុខងារប៊ូតុងចុចសញ្ញាព្រួញនៅលើក្តារចុច បំពាក់បន្ថែមលើឧបករណ៍ដើរដោយប្រព័ន្ធមួយនេះ។ បើតាមការថ្លែងឱ្យដឹងពីក្រុមហ៊ុន Google វាត្រូវបានបង្កើតឡើងដោយផ្តោតសំខាន់ទៅលើការប្រើប្រាស់ជាមួយកុំព្យូទ័រយួរដៃប្រភេទ Chromebook និងឧបករណ៍ Android ផ្សេងៗ ដែលមានអេក្រង់ធំៗ ដើម្បីងាយស្រួលក្នុងការចុចបញ្ជាលើផ្ទៃកម្មវិធីដែលនឹងមានភាពកាន់តែសម្បូរបែប៕

ប្រភពព័ត៌មាន: mashable

មតិយោបល់