បុរសម្នាក់ឈ្មោះ Scotty Allen ដែលធ្លាប់បម្រើការងារជាវិស្វករនៅតំបន់ Silicon Valley រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានទិញគ្រឿងគ្រៅតាមផ្សារក្នុងខេត្ត Shenzhen នៃប្រទេសចិន សម្រាប់ផ្គុំបង្កើតបានជាទូរសព្ទ iPhone 6s មួយដូចថ្មីដោយផ្ទាល់ដៃ ដោយចំណាយលុយអស់ត្រឹមតែ ៣០០ ដុល្លារ។
អ្នកអភិវឌ្ឍរូបនេះ បច្ចុប្បន្ន កំពុងចំណាយពេលធ្វើដំណើរទេសចរណ៍ជុំវិញពិភពលោក ដើម្បីបង្កើតវត្ថុផ្សេងៗ។ ខណៈធ្វើដំណើរទៅដល់តំបន់ Huaqiangbei នៃខេត្ត Shenzhen ទីដែលទូរសព្ទដៃជជុះគ្រប់ប្រភេទ ត្រូវបានដាក់លក់យ៉ាងគគ្រឹកគគ្រេង លោកក៏បានសម្រេចចិត្តដើររកទិញគ្រឿងគ្រៅទូរសព្ទនៅតាមផ្សារ ដើម្បីសាកបង្កើត iPhone 6S មួយទុកប្រើដោយខ្លួនឯង តាមការជំរុញពីអ្នកចាប់អារម្មណ៍លើឧបករណ៍អេឡិចត្រូនិកដូចគ្នា។
ដើម្បីផ្គុំដំឡើង iPhone មួយគ្រឿងបាន លោកត្រូវទិញសមាសធាតុផ្សំមូលដ្ឋានចំនួន ៤ ផ្នែក: អេក្រង់ សម្បក ថ្ម និងបន្ទះក្តារឈីប ឬហៅថា logic board ដោយសរុបចំណាយលុយអស់ប្រមាណ ៣០០ ដុល្លារ។ ចំពោះតម្លៃនេះ គឺខុសគ្នាឆ្ងាយណាស់ បើធៀបជាមួយ iPhone 6S ថ្មីពី Apple ដែលថ្លៃចាប់ពី ៥៤៩ ដុល្លារ ។

លោក Allen បាននិយាយថា សម្រាប់អេក្រង់ លោកបានទិញ iPhone 6S ចាស់ រួចដោះយកអេក្រង់ដែលនៅអាចប្រើការបានរបស់វាចេញ ទៅផ្គុំជាមួយផ្នែកថ្មីៗ។ ប៉ុន្តែ លោកមិនអាចធ្វើបែបនេះបានទេជាមួយបន្ទះ logic board ព្រោះវានឹងធ្វើឱ្យមុខងារ Touch ID មិនដំណើរការ។ លោកថា សម្រាប់ថ្ម iPhone វិញ គឺងាយរកទិញខ្លាំងណាស់ ហើយវាមានតម្លៃត្រឹមតែ ៥ ដុល្លារ ប៉ុណ្ណោះ។
នៅក្នុងវីដេអូឃ្លិបមួយ Allen បាននិយាយថា «ខ្ញុំពិតជាមិននឹកស្មានថា គ្រឿងគ្រៅទូរសព្ទជជុះនៅអាចប្រើការបានចឹងសោះ»។ «ខ្ញុំគិតថា នៅទីនេះវាមានច្រើនណាស់ ហើយពួកវាអាចត្រូវគេដោះយកផ្នែកណាដែលនៅអាចប្រើការបាន រួចផ្គុំវាបញ្ចូលគ្នាដើម្បីឱ្យអាចប្រើប្រាស់បានល្អឡើងវិញ»៕
ប្រភពព័ត៌មានៈ mashable
មតិយោបល់