ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Chevrolet បន្ថែមជម្រើស Tahoe RST ស៊េរីឆ្នាំ ២០១៨ ជាមួយម៉ាស៊ីន ៦.២ លីត្រ កម្លាំង ៤២០ សេះ

រថយន្ត Tahoe RST (Rally Sports Truck) ជាប្រភេទរថយន្តស្ព័រ SUV ធុនធំរបស់ក្រុមហ៊ុន Chevrolet ដែលបំពាក់ម៉ាស៊ីន V8 និងត្រូវបានរចនាឡើងប្រកបដោយរូបរាងហ៊ានក្លា មុះមុត អាចរុលទៅមុខគ្រប់ស្ថានភាពផ្លូវ ទោះឡើងចំណោត ឬចុះទីទួល។

ជាមួយស៊េរីឆ្នាំ ២០១៨ Tahoe RST វាត្រូវបានបន្ថែមជម្រើសម៉ាស៊ីន V8 ចំណុះ ៦.២ លីត្រ ដែលអាចផ្តល់ថាម ពល កាន់តែខ្លាំង តាមសំណើរអតិថិជនមួយចំនួន ពោល គឺវាអាចផ្តល់នូវថាមពលរហូតដល់ ៤២០ សេះ និងល្បឿងរង្វិលជុំ ៤៦០ ញូតុនម៉ែត្រ ហើយអាចបង្កើនសន្ទុះល្បឿនពី ០-១០០ គ/ម ដោយប្រើថេរវេលាត្រឹមតែ ៥.៧ វិនាទីប៉ុណ្ណោះ ខណ:ជម្រើសម៉ាស៊ីនធម្មតាជាម៉ាស៊ីនចំណុះ ៥.២ លីត្រ មានថាមពល ៣៥៥ សេះ និងល្បឿនរង្វិលជុំ ៣៨៣ ញូតុនម៉ែត្រ។

Chevrolet Tahoe RST ស៊េរីឆ្នាំ ២០១៨ ត្រូវបានបំពាក់ចង្កឹះលេខស្វ័យប្រវត្តិដែលមាន ១០ កម្រិតល្បឿនថ្មី ប៊ូមអាចបញ្ជាសម្រុតឡើងចុះតាមស្ថានភាពផ្លូវ មានបន្ថែមប្រព័ន្ធស៊ីមាំង និងសមត្ថភាពក្នុងការគ្រប់គ្រងប្រព័ន្ធហ្វ្រាំង ផ្តល់នូវសុខសុវត្ថិភាព និងទំនុកចិត្តកាន់តែខ្ពស់ ក្នុងពេលបើកបរល្បឿនលឿន។

ជាមួយម៉ូឌែលថ្មីនេះ នឹងចេញលក់នៅត្រីមាសទី ៤ ឆ្នាំ ២០១៧ នេះ ហើយសម្រាប់តម្លៃ មិនទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយទេ៕

ប្រភពព័ត៌មាន: mototrend

មតិយោបល់