Apple និង Samsung គឺជាគូប្រកួតប្រជែងនឹងគ្នាទាំងលើបចេ្ចកវិជ្ជាចល័ត ទាំងលើផ្លូវច្បាប់ យូរឆ្នាំមកហើយ ហើយសម្រាប់ឆ្នាំ ២០១៧ នេះ ក៏នឹងមិនខុសគ្នាដែរ។ យោងតាមព័ត៌មានក្រៅផ្លូវការកន្លងមក ក្រុមហ៊ុនទាំងពីរ សុទ្ធតែគ្រោងយុទ្ធសាស្ត្រទប់ទល់ជាមួយគូបដិបក្ខរបស់ខ្លួនរួចស្រេចទៅហើយសម្រាប់ផលិតផល iPhone និង Galaxy S ជំនាន់ថ្មីនោះ។
សម្រាប់ក្រុមហ៊ុន Apple នឹងមិនបញ្ចេញ iPhone 8 មុនខែសីហា ឡើយ គឺខុសពីក្រុមហ៊ុន Samsung ដែលនឹងប្រកាសចេញ Galaxy S8 ក្នុងខែមិនាខាងមុខនេះហើយ។ ទន្ទឹមនឹងនោះ ព័ត៌មានក្រៅផ្លូវជាច្រើនទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់ Samsung Galaxy ត្រកូល S ជំនាន់ទី ៨ ត្រូវបានទម្លាយចេញជាហូរហែ ប៉ុន្តែ គេមិនធ្លាប់បានឃើញរូបរាងពិតប្រាកដរបស់វាយ៉ាងណានោះទេ។
លោក Veniamin Geskin អ្នកករចនាក្រាហ្វិកគំរូទូរស័ព្ទមួយរូប ដែលបានបញ្ចេញម៉ូដទូរស័ព្ទមួយចំនួនដើម្បីទាញចំណាប់អារម្មណ៍របស់មហាជនកន្លងមកនោះ ឥឡូវគាត់បានបញ្ចេញរូបរាងទូរស័ព្ទ Galaxy S8 ពិតជាក់ស្តែងមួយ ដោយចម្លងម៉ូដតាមព័ត៌មានដែលបានបែកធ្លាយ។ វាមានផ្ទៃអេក្រង់លាតសន្ធឹងគ្របដណ្តប់ស្ទើរតែដល់គែមទូរស័ព្ទខាងលើ និងខាងក្រោម ហើយគែមអេក្រង់សងខាងកោងស្រដៀងទៅនឹង Galaxy S7 Edge និងគ្មានប៊ូតុង Home អ្វីឡើយ។
យោងតាមព័ត៌មានចចាមអារ៉ាមកន្លងមកបានអះអាងថា Samsung នឹងបំពាក់បន្ទះស្គេនក្រយៅដៃនៅខាងក្រោមផ្ទៃអេក្រង់របស់ Galaxy S8 តែម្តង។ ដោយឡែក Apple ក៏នឹងធ្វើដូច្នេះចំពោះ iPhone 8 របស់ខ្លួនអីចឹងដែរ ឬបើមិនដូច្នោះទេ វានឹងត្រូវបានប្តូរទៅដាក់នៅខាងខ្នងទូរស័ព្ទវិញ។
ទោះយ៉ាងណា គេមិនអាចសន្និដ្ឋានថា គំរូទូរស័ព្ទរបស់លោក Geskin នឹងអាចត្រឹមត្រូវបានដល់កម្រិតណានោះទេ ប៉ុន្តែ ប្រសិនបើក្រុមហ៊ុន Samsung ពិតជាអាចបញ្ចេញរចនាបថ Galaxy S8 ដូច្នេះមែននោះ iPhone 8 របស់ក្រុមហ៊ុន Apple នឹងពិបាកប្រកួតប្រជែងជាមួយផលិតផលលំដាប់កំពូលរបស់ Samsung មួយនេះជាមិនខាន៕
ប្រភពព័ត៌មាន៖ bgr
មតិយោបល់