ព័ត៌មានបច្ចេកវិទ្យា

យីហោ Laptop របស់ Apple ធ្លាក់ពីកៅអីកំពូលជាលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ

ក្រុមហ៊ុន Apple បានបាត់បង់តំណែងកំពូលនៃតារាងម៉ាកសញ្ញាកុំព្យូទ័រយួរដៃប្រភេទ Notebook ល្អបំផុតរបស់ LaptopMag ជាលើកដំបូងក្នុងរយ:ពេល ៦ ឆ្នាំជាប់ៗគ្នា ដោយមកទើរត្រឹមលេខ ៦ ក្រោយពី MacBook ស៊េរីថ្មីរបស់ក្រុមហ៊ុន មិនត្រឹមតែមានតម្លៃខ្ពស់ តែថែមទាំងត្រូវការឌុយតបន្ថែមច្រើន។

នៅក្នុងបញ្ជីរាយម៉ាកយីហោកុំព្យូទ័រយួរដៃដែលល្អ និងអន់បំផុត​ក្នុងឆ្នាំ ២០១៧ របស់គេហទំព័រណែនាំផលិតផល Laptop ឬ Notebook ដ៏ល្បីល្បាញ laptopmag យីហោ Lenovo បានឡើងរហូតដល់បីលេខលំដាប់ ទៅជំនួសតំណែងកំពូលរបស់ Apple ដែលបានកាន់កាប់តាំងពីឆ្នាំ ២០១០ មកម្លេះ។ ដោយឡែក កុំព្យូទ័រយួរដៃម៉ាក Asus, HP, និង Acer សុទ្ធតែបានឡើងចំណាត់ថ្នាក់ ដោយឈរលើលេខលំដាប់ទី ២ ទី ៤ និងទី ៥ ខណ: Dell បានធ្លាក់ជាមួយ Apple ពីលេខ ២ មកលេខ ៣។

យោងតាមរបាយការណ៍វាយតម្លៃរបស់គេហទំព័រដដែល Apple ទទួលបានពិន្ទុ ៧៨ លើ ១០០។ ក្នុងនោះ ក្រុមហ៊ុនទទួលបានពិន្ទុខ្ពស់ខ្លាំងកប់ លើផ្នែកការគាំទ្រ និងធានា ប៉ុន្តែ ផ្នែកតម្លៃ និងការជ្រើសរើស ទទួលបានពិន្ទុទាប ត្រឹមលេខ ៦ លើ ១៥។

ចំពោះមូលហេតុនៃការធ្លាក់ចុះនៃពិន្ទុម៉ាកសញ្ញា Apple យ៉ាងគំហុកនេះ ត្រូវបានគេពន្យល់ថា គឺគ្មានអ្វីក្រៅពីតម្លៃ និងជម្រើសរបស់វានោះទេ។ ប្រសិនបើគេចង់រកទិញ Laptop តម្លៃទាប គេនឹងមិនសំឡឹងរក Laptop ម៉ាក Apple នោះទេ ព្រោះផលិតផលរបស់ក្រុមហ៊ុនអាមេរិកមួយនេះ ភាគច្រើនមានតម្លៃចាប់ពី ១,២៩៩ ដុល្លារ ហើយថែមទាំងមិនមានជម្រើសច្រើនទៀតផង ដែលវាខុសពីក្រុមហ៊ុន Asus, HP, Acer និង  Dell៕

ប្រភពព័ត៌មាន: appleinsider

មតិយោបល់