ចោរដៃឆើតម្នាក់ ត្រូវបានប៉ូលីសចាប់ឃាត់ខ្លួននៅថ្ងៃសុក្រ សប្តាហ៍មុននេះ បន្ទាប់ពីរូបគេលួចទូរសព្ទដៃ iPhone បានចំនួន ១០០ គ្រឿង ដាក់ក្នុងកាបូបស្ពាយ ហើយភ្លេចគិតថា ទូរសព្ទដៃទំនើបប្រភេទនេះ មានបំពាក់មុខងារ Find My iPhone ដែលអាចចាប់សញ្ញាទីតាំងដែលវាកំពុងឋិតនៅបាន។

ការចាប់ខ្លួនបុរសវ័យ ៣៦ ឆ្នាំ ឈ្មោះ Reinaldo De Jesus Henao នេះ គឺធ្វើឡើងបន្ទាប់ពីមានអ្នកដែលទៅចូលរួមពិធីបុណ្យ Coachella មួយចំនួន បានបាត់ទូរសព្ទ iPhone របស់ពួកគេ រួចពួកគេក៏បើកដំណើរការមុខងារ Find My iPhone បន្ទាប់មក ក៏បានតាមដានរកឃើញទូរសព្ទរបស់ពួកខ្លួនកំពុងឋិតក្នុងកាបូបស្ពាយរបស់ Henao។ នេះបើយោងតាមការថ្លែងឱ្យដឹងពីនាយកដ្ឋានប៉ូលីសក្រុង Indio រដ្ឋ California សហរដ្ឋអាមេរិក។
ពិធីបុណ្យសិល្បៈ និងតន្តី្រ នៅតំបន់ Coachella Valley តែងតែជាឱកាសមាសសម្រាប់ក្រុមចោរក្នុងការចូលបន្លំខ្លួនក្នុងហ្វូងមហាជនដែលកំពុងរីករាយទស្សនាការប្រគំតន្រ្តី ដើម្បីលួចយកទូរសព្ទ ក៏ដូចជាវត្ថុមានតម្លៃផ្សេងៗ។ ម្លោះហើយទើបចោរជំនាញមកពីទីក្រុង New York រូបនេះ អាចលួចបានទូរសព្ទក្នុងចំនួនដ៏ច្រើនដូច្នេះ។

ទោះយ៉ាងណា ក្រោយពីបានចាប់ឃុំខ្លួននៅឯមណ្ឌលកែប្រែមួយកន្លែង ក្រោមចោទចោរកម្ម មិនបានប៉ុន្មានផង រូបគេក៏ទទួលបានសេរីភាពដើរហើរវិញ ប៉ុន្តែ ឋិតក្រោមការតាមដាន ក្រោយពីបានបង់ប្រាក់ធានានៅក្រៅឃុំ ១០,០០០ ដុល្លារ។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ KMIR៕
ប្រភពព័ត៌មានៈ theustimes
ចុចត្រង់នេះ ដើម្បីស្វែងយល់ និងដឹងពីរបៀបប្រើប្រាស់មុខងារ Find My iPhone។
មតិយោបល់