ក្រុមហ៊ុន Apple និយាយថា អតិថិជនដែលគ្រោងចង់ជាវ iPhone X មកប្រើនៅថ្ងៃសុក្រ សប្តាហ៍ក្រោយ នៅតាមបណ្តាហាងរបស់ខ្លួន គួរតែធ្វើយ៉ាងណាទៅឱ្យដល់ទីនោះដើម្បីតម្រង់ជួរឱ្យបានមុនពេល។
ក្រុមហ៊ុនបញ្ជាក់ថា ហាង Apple Store ផ្លូវការទាំងនោះ នឹងមាន iPhone X ក្នុងស្តុកនៅថ្ងៃសុក្រ ទី ៣ វិច្ឆិកា ខាងមុខ។ បន្ថែមពីលើនេះ ក្រុមហ៊ុនថ្លែងថា ការបើកឱ្យអតិថិជនកម្ម៉ង់ទិញទុកមុន គឺថ្ងៃសុក្រ ទី ២៧ តុលា នេះ។ ដោយឡែក ហាង Apple នឹងចាប់បើកនៅម៉ោង ៨ ព្រឹក ម៉ោងនៅក្នុងតំបន់ជុំវិញពិភពលោក។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ត្រូវគេរាយការណ៍ថា កំពុងជួបបញ្ហាកង្វះទំនិញ iPhone X សម្រាប់បំពេញតម្រូវការទីផ្សារ ដោយស្តុកទូរសព្ទដ៏ថ្លៃមួយនេះ នឹងមានចំនួនដ៏កំណត់ត្រឹម ២ ទៅ ៣ លានគ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារសកល ក្នុងរយៈពេលចេញលក់សប្តាហ៍ដំបូង។ ដូច្នេះ បើអតិថិជនទៅតម្រង់ជួរទិញក្រោយគេ នោះច្បាស់ជាមិនបានប្រើនោះទេ៕
ប្រភពព័ត៌មានៈ cnet
មតិយោបល់